(ម៉ូស្គូ)៖ អ្នកសារព័ត៌មានរុស្ស៊ីពីរនាក់ ដែលកំពុងផ្ដិតយករូបភាពបាតុកម្មតវ៉ា នៅក្នុងទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ត្រូវបានមន្ត្រីអនុវត្តច្បាប់អាមេរិក វាយដុំឱ្យរបួស កំឡុងការបង្ក្រាបលើក្រុមបាតុករបង្កហិង្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
អ្នកសារព័ត៌មានរុស្ស៊ីទាំងពីរនាក់ខាងលើ បានរងរបួស ខណៈពួកគេកំពុងរាយការណ៍ និងផ្ដិតយករូបភាពការប៉ះទង្គិចគ្នាដោយហិង្សាររវាងក្រុមបាតុករ និងមន្ត្រីអនុវត្តច្បាប់ អាមេរិក នៅខាងមុខតុលាការសហព័ន្ធ ក្នុងទីក្រុង Portland។ អ្នកសារព័ត៌មានទាំងពីរនាក់ គឺលោក Vyacheslav Arkhipov ជាអ្នកកាន់កាមេរ៉ា និងអ្នកនាង Yulia Olkhovskaya មកពីស្ថានីយទូរទស្សន៍រុស្ស៊ី Channel One។
បើតាម Sputnik លោក Arkhipov ត្រូវបានមន្ត្រីអាមេរិកវាយនឹងដំបង ដួលទៅលើដី ហើយអ្នកនាង Yulia ត្រូវបានមន្ត្រីម្នាក់ទៀតរុញឱ្យដួលទៅលើដីដូចគ្នា។ ចំណែកខាង ទូរទស្សន៍ Channel One បានអះអាងថាអ្នកសារព័ត៌មានរបស់ខ្លួនទាំងពីរនាក់ មានរបួសស្រាលតែប៉ុណ្ណោះ ប៉ុន្តែសម្ភារៈធ្វើការរបស់ពួកគេបានខូចខាត៕