(អ៉ីតាលី)៖ ស្ថាប័នប៉ូលិសអ៉ីតាលីបានជួបប្រទះ នឹងរឿងអាស្រូវដ៏កម្រមួយ ដោយមន្ត្រីប៉ូលិស ០៧នាក់មកពីកងអាវុធហត្ថអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ត្រូវបានចាប់ខ្លួន ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន ការចាប់ខ្លួនមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋអាជ្ញាអ៉ីតាលីនៅក្នុងទីក្រុង ភីយ៉ាសិនហ្សា (Piacenza) បានសម្រេចចិត្តបិទការិយាល័យមួយ របស់កងអាវុធហត្ថអ៉ីតាលី Carabinieri ជាផ្នែកមួយនៃការស៊ើបអង្កេតរកការពិតថា តើប៉ូលិសទាំង ០៧នាក់ខាងលើពិតជាបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់ដែរឬទេ។ មកទល់នឹងពេលនេះប៉ូលិស ០៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំង និងម្នាក់ទៀតត្រូវបានដាក់ឱ្យក្រោមការឃុំខ្លួននៅក្នុងផ្ទះ។
គួរបញ្ជាក់ថា ក្រោយផ្ទុះរឿងអាស្រូវ កងអាវុធហត្ថអ៉ីតាលី Carabinieri បានក៏សម្រេចចិត្តព្យួរការងារប៉ូលិសទាំង ០៧នាក់ផងដែរ ជាមួយការសន្យាថា នឹងដាក់ពិន័យធ្ងន់ធ្ងរលើអ្នកទាំងនេះ បើសិនជាពួកគេធ្វើខុស ដូចការចោទប្រកាន់មែននោះ៕