(តៃប៉ិ)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះបានប្រកាសពី​ដំណើរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល​ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទៅកាន់កោះតៃវ៉ាន់ ហើយការសម្រេចចិត្តនេះ ប្រាកដជានឹងធ្វើឲ្យប្រទេសចិនមានការខឹងសម្បារ ខណៈដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងស្ថិតក្នុងកម្រិតទាបបំផុត​មិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២០។

ការិយាល័យពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅទីក្រុងតៃប៉ិ​បានបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក អេឡិច អាហ្សារ (Alex Azar) នឹងដឹកនាំគណៈប្រតិភូទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ត្រឹមជាខេត្តមួយរបស់ខ្លួននោះ។

វិទ្យាស្ថានអាមេរិកប្រចាំនៅកោះតៃវ៉ាន់បានឲ្យដឹងថា នេះគឺជាលើកទីមួយក្នុងរយៈពេល ៤០ឆ្នាំដែលរដ្ឋមន្ត្រីអាមេរិក​ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ គិតចាប់តាំងពីឆ្នាំ ១៩៧៩ ជាពេលដែលសហរដ្ឋអាមេរិកបានកាត់ផ្តាច់ ទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ និងគាំទ្រនយោបាយចិនតែមួយ។

ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់អំពីដំណើរទស្សនកិច្ចខាងលើនេះ និងបន្ថែមទៀតថា លោក Azar នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីសុខាភិបាលរបស់តៃវ៉ាន់។ ក្រសួងក៏បានរំលឹកផងដែរថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក Azar ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៉ីងវិន ផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមមានទំនាក់ទំនង បើកចំហឡើងវិញជាមួយកោះតៃវ៉ាន់ ដើម្បីជាវិធីសងសឹកលើរដ្ឋាភិបាលទីក្រុងប៉េកាំង ស្របពេលដែលភាពតានតឹង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងតែកើនឡើង និងពិបាករកវិធីបន្ធូរបន្ថយណាស់៕