(ម៉ានីល)៖ ទីបំផុតចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ១១៩,៤៦០ករណីហើយ បន្ទាប់ពីក្រសួងសុខាភិបាលរបស់ប្រទេស បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៣,៥៦១ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ហើយក៏ជាតួលេខដែលនាំឲ្យប្រទេសនេះ ឡើងឈរលេខ ១ ក្នុងតារាងប្រទេសអាស៊ានទាំង ១០ ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលហ្វីលីពីន (DHO) បានឲ្យដឹងទៀតថា ចំនួនអ្នកជាសះស្បើយបានកើនដល់ ៦៦,៨៣៧នាក់ ហើយចំនួនអ្នកស្លាប់បានកើនដល់ ២,១៥០នាក់។ ទីក្រុងម៉ានីល គឺជាទីក្រុងដែលមានអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់ជាងគេ ក្នុងចំណោមតំបន់ និងខេត្ត ០៥ទៀតនៃប្រទេសហ្វីលីពីន ដែលត្រូវបានគេរាយការណ៍ អំពីករណីឆ្លងថ្មីៗខ្ពស់ជាងគេ។
គួរបញ្ជាក់ថា សម្រាប់ប្រទេសឥណ្ឌូណេស៊ី ដែលកន្លងមកស្ថិតនៅកំពូលតារាងនោះ នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ អំពីករណីឆ្លង COVID-19 ថ្មីៗ ១,៨៨២នាក់ទៀត ដែលនាំឲ្យចំនួនសរុបកើនដល់ ១១៨,៧៥៣ករណី ស្ថិតនៅលំដាប់លេខ ២ ប្រចាំអាស៊ានវិញ ប៉ុន្តែសម្រាប់ចំនួនករណីស្លាប់វិញ គឺប្រទេសនេះនៅឈរលេខ ១ ដដែលគឺចំនួន ៥,៥២១នាក់៕