(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិចិនលោក វៃ ហ្វេងហ៊ី (Wei Fenghe) បានព្រមានសមភាគីអាមេរិក អំពីភាពគ្រោះថ្នាក់ នៃការចាប់ផ្តើមមានទំនាក់ទំនងជិតស្និទ្ធជាមួយកោះតៃវ៉ាន់ ក្រោយពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសអំពីការបញ្ជូនមន្ត្រីជាន់ខ្ពស់ ជាលើកដំបូងទៅកាន់ទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។
រដ្ឋមន្ត្រីការពារជាតិចិនលោក វៃ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) រយៈពេល ៩០នាទី ដោយក្នុងនោះមន្ត្រីជាន់ខ្ពស់ចិនរូបនេះ បានណែនាំឲ្យរដ្ឋបាលដឹកនាំ របស់អាមេរិកបច្ចុប្បន្ន បញ្ឈប់ការប្រើពាក្យសម្តី និងទង្វើដែលមិនត្រូវ ដែលនឹងនាំទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរ នៃទំនាក់ទំនងរវាងមហាយក្ស សេដ្ឋកិច្ចទាំងពីរនេះ ជាពិសេសទៅបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានប្រកាសពីដំណើរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទៅកាន់កោះតៃវ៉ាន់។ ការិយាល័យពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅទីក្រុងតៃប៉ិ បានបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក អេឡិច អាហ្សារ (Alex Azar) នឹងដឹកនាំគណៈប្រតិភូទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ត្រឹមជាខេត្តមួយរបស់ខ្លួននោះ។
វិទ្យាស្ថានអាមេរិកប្រចាំនៅកោះតៃវ៉ាន់បានឲ្យដឹងថា នេះគឺជាលើកទីមួយក្នុងរយៈពេល ៤០ឆ្នាំដែលរដ្ឋមន្ត្រីអាមេរិក ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ គិតចាប់តាំងពីឆ្នាំ១៩៧៩ ជាពេលដែលសហរដ្ឋអាមេរិកបានកាត់ផ្តាច់ ទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ និងគាំទ្រនយោបាយចិនតែមួយ។
ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់អំពីដំណើរទស្សនកិច្ចខាងលើនេះ និងបន្ថែមទៀតថា លោក Azar នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីសុខាភិបាលរបស់តៃវ៉ាន់។ ក្រសួងក៏បានរំលឹកផងដែរថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក Azar ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៉ីងវិន ផងដែរ៕