(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានសម្ដែងនូវក្ដីសង្ឃឹមថា ដំណាក់កាលទី ៣ ដែលជាដំណាក់កាលចុងក្រោយ នៃការសាកល្បងធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 នឹងទទួលបានជោគជ័យក្នុងអំឡុងពេល ៦ខែ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។
ជម្រើសវ៉ាក់សាំងដែលត្រូវយកទៅសាកល្បង គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាស៊ីណូវ៉ាក់ (Sinovac Biotech) របស់ចិន ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផលិតឱសថ បាយអូ ហ្វាម៉ា (Bio Farma) របស់រដ្ឋឥណ្ឌូណេស៊ី។
នៅថ្ងៃអង្គារនេះលោកប្រធានាធិបតី ចូកូវី (Jokowi) បានទៅត្រួតពិនិត្យនៅឯមន្ទីរពេទ្យ នៃសកលវិទ្យាល័យវេជ្ជសាស្រ្ត ផាកចាចារ៉ាន (Padjajaran) នៅខេត្តជ្វាខាងលិច (West Java) ដែលជាកន្លែងត្រូវធ្វើតេស្តវ៉ាក់សាំងនោះ។ លោក Jokowi បានសង្កេតដោយផ្ទាល់ពីការតេស្តសាកល្បងវ៉ាក់សាំងប្រឆាំង COVID-19 នោះ ដែលបានចូលរួមដោយអ្នកស្ម័គ្រចិត្តចំនួន ១,៦២០នាក់។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងយ៉ាងដូច្នេះថា «យើងសង្ឃឹមថា នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ យើងនឹងអាចចាប់ផ្ដើមផលិតវ៉ាក់សាំងទាំងនោះ ហើយបន្ទាប់ពីការផលិតវ៉ាក់សាំងត្រូវបានបញ្ចប់ វ៉ាក់សាំងទាំងនោះនឹងត្រូវផ្ដល់ឲ្យជាសាធារណជននៅក្នុងប្រទេសភ្លាមៗ»។ លោក Jokowi ក៏បាននិយាយទៀតថា ក្រុមហ៊ុន Bio Farma នឹងត្រៀមក្នុងការផលិតវ៉ាក់សាំងរហូតដល់ ២៥០លានដូសក្នុងមួយឆ្នាំ ប្រសិនបើការសាកល្បងតេស្តវ៉ាក់សាំងនេះ ទទួលបានជោគជ័យ៕