(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានព្រមានសហរដ្ឋអាមេរិក កុំឲ្យមកចេះជ្រៀតជ្រែកគម្រោងផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ី ហៅថា Nord Stream 2 និងបានសង្កត់ធ្ងន់ថា អឺរ៉ុបមានសិទ្ធិជ្រើសរើសអ្នកផ្គត់ផ្គង់ថាមពលមកឲ្យខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។
ក្នុងសន្និសីទសារព័ត៌មានរួមមួយនៅថ្ងៃអង្គារនេះ ជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ីលោក Sergei Lavrov នៅឯទីក្រុងម៉ូស្គូ លោក Maas បាននិយាយថា ការដាក់ទណ្ឌកម្មរវាងដៃគូ ដោយលោកចង់សំដៅលើអាមេរិក គឺពិតណាស់មិនមែនជារឿងត្រឹមត្រូវឡើយ ខណៈការប៉ុនប៉ងណាមួយដើម្បីរារាំង ដំណើរការសាងសង់គម្រោង Nord Stream 2 នឹងត្រូវចាត់ទុកជា ទង្វើបំពានមកលើអធិបតេយ្យភាពនៃប្រទេសរបស់លោក។
លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានបន្តថា ជាចុងក្រោយអ្វីៗជាការសម្រេចចិត្តរបស់អាល្លឺម៉ង់ខ្លួនឯងផ្ទាល់ ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ ថាមពលមកឲ្យខ្លួន ដោយគ្មានប្រទេសណាផ្សេងមានសិទ្ធិមកបញ្ជាដឹកមុខ គោលនយោបាយថាមពលរបស់អាល្លឺម៉ង់ ឬក៏របស់អឺរ៉ុបឡើយ ហើយវានឹងមិនទទួលជោគជ័យនោះទេ។ លោក Maas បានធ្វើការលើកឡើងបែបនេះ បន្ទាប់ពីក្រុមអ្នកតំណាងរាស្រ្តអាមេរិក បានបង្ហាញចេតនាចង់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាល្លឺម៉ង់មួយ ដែលពាក់ព័ន្ធក្នុងគម្រោង Nord Stream 2។
គួរជម្រាបថា គម្រោងតភ្ជាប់បណ្តាញផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ីទៅអឺរ៉ុប Nord Stream 2 ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីឆ្នាំមុន បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានគោលជំហរជំទាស់ជាខ្លាំងនោះ បានគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុននិងប្រទេសទាំងឡាយ ដែលពាក់ព័ន្ធ។ អាមេរិកបានលើកហេតុផលថា គម្រោងនេះនឹងបង្កើនការពឹងផ្អែករបស់អឺរ៉ុប ទៅលើធនធានឧស្ម័នរបស់រុស្ស៊ី។ ដោយឡែក ទីក្រុងម៉ូស្គូវិញបានថ្កោលទោស គោលជំហររបស់ទីក្រុងវ៉ាស៉ីនតោន និងបានប្តេជ្ញារិះរកយុទ្ធសាស្រ្តថ្មី ដើម្បីបញ្ចប់គម្រោងសាងសង់បណ្តាញផ្គត់ផ្គង់ឧស្ម័ននេះ៕