ហ្វីលីពីនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត ៣ពាន់នាក់, ស្លាប់១៩នាក់បន្ថែម នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
(ម៉ានីឡា)៖ អាជ្ញាធរសុខាភិបាលបាលហ្វីលីពីន នៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ២,៩៨៧ករណី បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនដល់ ១៣៩,៥៣៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។
នៅក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លងថ្មី ប្រទេសហ្វីលីពីនក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ១៩នាក់បន្ថែមទៀតផងដែរ។ ជាសរុបរហូតមកទល់ពេលនេះប្រទេសសមាជិកអាស៊ានមួយនេះ មានចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបចំនួន ២,៣១២ នាក់ហើយ ក្នុងចំណោមករណីឆ្លងជិត ១៤មុឺននាក់ខាងលើ ខណៈអ្នកជាសះស្បើយមានចំនួនជាង ៦.៨មុឺននាក់។
គួរជម្រាបថា សន្ទុះនៃករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសហ្វីលីពីន នារយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងគំហុក។ បច្ចុប្បន្ន ហ្វីលីពីនគឺជាប្រទេសជាប់លំដាប់ថ្នាក់លេខ១ ប្រចាំអាស៊ាន ដែលចំនួនអ្នកឆ្លងច្រើនជាងគេបំផុត បន្ទាប់ពីប្រទេសមួយនេះ បានវ៉ាប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍កន្លងទៅនេះ៕