(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ានាព្រឹកថ្ងៃសៅរ៍នេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗនៅក្នុងស្រុកចំនួន ១៦នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៤៣៥ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។
យោងតាមរបាយការណ៍ថ្មី ពីក្រសួងសុខាភិបាលមីយ៉ានម៉ាបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗដែលត្រូវបានរកឃើញខាងលើនេះ គឺមកពីស្រុកស៊ីតថ្វេ (Sittwe) នៃរដ្ឋរ៉ាឃីន (Rakhine) ដែលប្រជាជនជាច្រើនកំពុងសិ្ថតក្រោមបទបញ្ជា នៃការដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ក្រោយពីពួកគេត្រូវបានរកឃើញថា ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 ដែលទើបតែរកឃើញថ្មីៗនេះ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសដាក់បំរាមគោចររយៈពេល ០២ខែនៅក្នុងស្រុក Sittwe ផងដែរ គឺចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺ (ម៉ោងក្នុងស្រុក) ខណៈបទបញ្ជាឲ្យ «ស្ថិតនៅផ្ទះ» ត្រូវបានដាក់ចេញកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារករណីឆ្លង COVID-19 ក្នុងស្រុកនោះកំពុងកើនឡើងជាខ្លាំង។
គួរជម្រាបថា ករណីឆ្លង COVID-19 ត្រូវបានគេរកឃើញជាលើកដំបូង ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះ ប្រទេសអាស៊ានមួយនេះមានអ្នកស្លាប់ដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះចំនួន ០៦នាក់ និងជាសះស្បើយចំនួន ៣៣៧នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៤៣៥ករណីខាងលើ៕