(បេរូត)៖ រដ្ឋមន្ត្រីសុខាភិបាលលីបង់លោក ហាម៉ាត់ ហាសាន (Hamad Hasan) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសលីបង់បានបង្កើតកិច្ចព្រមព្រៀងមួយរួចហើយជាមួយ អង្គការសុខភាពពិភពលោក (WHO) ដើម្បីធានាថាវ៉ាក់សាំង ដែលខ្លួននឹងទទួលបានពីរុស្ស៊ីនោះមានសុវត្ថិភាព។ នេះបើតាមការដង់ស្រង់ប្រភព ពីសារព័ត៌មានលីបង់ Nahar Net នារសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។
លោក ហាម៉ាត់ ហាសាន បានគូសបញ្ជាក់ថា «យើងបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីធានាថា លីបង់អាចទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ហើយកិច្ចសម្របសម្រួលមួយទៀត ក៏កំពុងប្រព្រឹត្តទៅផងដែរជាមួយរុស្ស៊ី ដើម្បីទទួលបានកញ្ចប់វ៉ាក់សាំងពីរុស្ស៊ី។ សម្រាប់លុយវិញ ក៏ត្រូវបានខ្ចីផងដែរ ពីធនាគារពិភពលោក (World Bank)»។
គួរបញ្ជាក់ថា រុស្ស៊ីទើបតែប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះថា ខ្លួនបាទទទួលការកក់វ៉ាក់សាំងទុកជាមុន ពីសំណាក់ប្រទេសជាង ២០ រួចហើយ ខណៈការចាក់វ៉ាក់សាំងធ្វើតេស្តទ្រង់ទ្រាយធំ លើមនុស្សជាង ៤០,០០០នាក់នៅរុស្ស៊ី នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ សម្រាប់ប្រទេសលីបង់វិញ គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ មានករណីឆ្លង COVID-19 សរុបជាង ១១,៥០០ករណី ក្នុងនោះស្លាប់ ១១៦នាក់ និងជាសះស្បើយវិញជាង ៣,២០០នាក់៕