(ម៉ូស្គូ)៖ យន្ដហោះដឹកអ្នកនយោបាយប្រឆាំងរុស្ស៊ីលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) បានហោះចាកចេញពីទីក្រុង អូមស៍ (Omsk) ឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ហើយ កាលពីវេលាម៉ោង ៨៖០០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសៅរ៍នេះ ក្រោយពីលោកបានទទួលទានតែ ដែលត្រូវបានគេអះអាងថា មានជាតិពុល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Jazeera នារសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។
ស្ថានភាពសុខភាពរបស់ លោក Alexeï Navalny មានសភាពធ្ងន់ធ្ងរខ្លាំង ទើបក្រុមគ្រូពេទ្យរុស្ស៊ីបដិសេធមិនឲ្យជម្លៀសលោក ទៅព្យាបាលនៅបរទេស។ ដោយឡែកសម្រាប់ក្រុមគ្រួសាររបស់លោក Navalny និងមេដឹកនាំក្រុមអ្នកប្រឆាំងបានចោទប្រកាន់អាជ្ញាធររុស្ស៊ីថា បានព្យាយាមរារាំងមិនឲ្យជម្លៀសរូបលោក ដោយសារហេតុផលនយោបាយ។ ប៉ុន្តែបន្ទាប់ពីការជជែកគ្នាជាង ២៤ម៉ោងលើលក្ខខណ្ឌ និងការព្យាបាល ទីបំផុតលោក Alexeï Navalny ត្រូវបានអនុញ្ញាតឲ្យបញ្ជូន ទៅព្យាបាលនៅប្រទេសអាល្លឺម៉ង់។
លោក Navalny អាយុ ៤៤ឆ្នាំ ជាអ្នកនយោបាយ និងអ្នកស៊ើបអង្កេតលើអំពើពុករលួយ និងក៏ជាអ្នករិះគន់ដ៏ខ្លាំងក្លាម្នាក់ ប្រឆាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានគេដាក់ថ្នាំបំពុលនៅក្នុងតែ ហើយក្រុមអ្នកគាំទ្ររបស់លោកជឿថា វិមានក្រឹមឡាំង (Kremlin) គឺជាអ្នកនៅពីក្រោយ និងបានព្យាយាមពន្យារពេល ក្នុងការបញ្ជូនរូបលោកទៅមន្ទីរពេទ្យធំមួយ នៅប្រទេសអាល្លឺម៉ង់ថែមទៀត។ ដោយឡែក ក្រុមវេជ្ជបណ្ឌិតរុស្ស៊ីបានធ្វើការបញ្ជាក់ថា មិនមានភស្តុតាងនៃការបំពុល ហើយវិមាន Kremlin ក៏បានបដិសេធថា អាជ្ញាធរមិនបានព្យាយាមរារាំង ការផ្ទេររូបលោកទៅព្យាបាលនៅបរទេសនោះទេ។
គួរបញ្ជាក់ថា លោក Navalny គឺជាសមាជិកលេចធ្លោជាងគេ នៃក្រុមបក្សប្រឆាំង ហើយលោកបានធ្វើយុទ្ធនាការ ដើម្បីប្រជែងលោក ពូទីន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៨ ប៉ុន្តែត្រូវបានរារាំងមិនឲ្យឈរឈ្មោះ។ ចាប់តាំងពីពេលនោះមក លោក Navalny បានគាំទ្រសមាជិកបក្សប្រឆាំង នៅក្នុងការបោះឆ្នោតថ្នាក់តំបន់ប្រជែងជាមួយសមាជិកគណបក្សកាន់អំណាចរបស់លោក ពូទីន៕