(ម៉ានីល)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលហ្វីលីពីន បានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួន ៤,៩៣៣ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីសរុប នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ១៨៧,២៤៩ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ករណីភាគច្រើនត្រូវបានរាយការណ៍ ចេញពីរដ្ឋធានីម៉ានីល និងតំបន់ជុំវិញ (Metro Manila) ព្រមទាំងខេត្តចំនួន ០៤ផ្សេងទៀត។ ដោយឡែកសម្រាប់ករណីស្លាប់វិញ បានកើនដល់ ២,៩៦៦នាក់ ខណៈដែលអ្នកជំងឺ ៤៣៦នាក់ទៀត ទើបអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដែលជាហេតុនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 សរុបកើនដល់ ១១៤,៩២១នាក់។
បច្ចុប្បន្ននេះប្រទេសហ្វីលីពីនបានបង្កើតយុទ្ធសាស្រ្តថ្មី ដែលមានឈ្មោះថា «ប្រត្តិបត្តិការសម្របសម្រួល» ដើម្បីជួយដល់មន្ត្រីនៅតាមមូលដ្ឋានក្នុងកិច្ចខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ តាមរយៈការបង្កើនសមត្ថភាពធ្វើតេស្តរក COVID-19, ការតាមដាន, ការធ្វើចត្តាឡីស័ក និងការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹងគ្នានេះ អាជ្ញាធរក៏ស្វែងរកមធ្យោបាយ ដើម្បីបន្តសកម្មភាពសង្គម និងសេដ្ឋកិច្ចជាបណ្តើរៗផងដែរ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនបានបញ្ជាក់ពីការទទួលយកវ៉ាក់សាំង COVID-19 ពីប្រទេសរុស្ស៊ីរួចរាល់ហើយ ដើម្បីធ្វើតេស្ត និងប្រើប្រាស់ប្រសិនបើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា ត្រូវបានបញ្ជាក់ជាផ្លូវការ។ ដោយឡែកទីក្រុងម៉ានីល ក៏ធ្លាប់បានទាក់ទង ដើម្បីទទួលបានវ៉ាក់សាំងពីចិនមុនគេផងដែរ ហើយចិនបានយល់ព្រមរួចទៅហើយ ចំពោះសំណើនេះ។ បុរសខ្លាំងហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ធ្លាប់បានលើកឡើងថា បើគ្មានវ៉ាក់សាំង COVID-19 ទេនោះ អ្វីៗមិនអាចវិលរកភាពប្រក្រតីវិញឡើយ ជាពិសេសគឺការបើកសាលារៀននោះតែម្តង៕