(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង ប្រទេសអឺរ៉ុបមួយនេះបានរកឃើញករណីឆ្លង COVID-19 ថ្មីៗច្រើនជាង២,០០០ករណីបន្ថែមទៀត ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមេសាមកម៉្លេះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។
វិទ្យាស្ថានគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងអាល្លឺម៉ង់ ហៅកាត់ RKI បាននិយាយថា ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗចំនួន ២,០៣៤ករណី និងអ្នកស្លាប់ថ្មីចំនួន ០៧នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនដល់ ៩,២៦៧នាក់ ក្នុងចំណោមករណីឆ្លងសរុប ២៣២,០៨២ករណី។
ដោយឡែក កាលពីថ្ងៃសុក្រម្សិលមិញ អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង លោក Steffen Seibert បាននិយាយដូច្នេះថា៖ «កំណើននៃចំនួនអ្នកឆ្លង COVID-19 ដែលយើងកំពុងជួបប្រទះ គឺគួរឲ្យបារម្ភយ៉ាងខ្លាំង។ ពួកយើងមិនអាចពង្រើយកន្តើយបានឡើយ។ លោក Seibert បានទទូចឲ្យសាធារណជនប្រព្រឹត្តខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ តាមរយៈការប្រកាន់ខ្ជាប់នូវវិធានការក្នុងការទប់ស្កាត់ជំងឺរីករាលដាលដ៏កាចសាហាវនេះ ដូចជាការរក្សាគម្លាតសុវត្ថិភាព និងការពាក់ម៉ាសឲ្យបានគ្រប់គ្នាជាដើម៕