(ប៉េកាំង)៖ ចិន បានអនុម័តហើយលើការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ដោយប្រើប្រាស់បច្ចេកទេសបង្កើតប្រូតេអ៉ីននៃវ៉ាក់សាំងវីរុសកូរ៉ូណា នៅក្នុង កោសិកាសត្វល្អិត។ នេះបើតាមរដ្ឋាភិបាលក្នុងតំបន់ នៃទីក្រុង Chengdu ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។
រដ្ឋាភិបាលក្នុងតំបន់នៃទីក្រុង Chengdu ស្ថិតនៅភាគនិរតីប្រទេសចិន បានឱ្យដឹងទៀតថាការប្រើប្រាស់បច្ចេកទេសបង្កើតប្រូតេអ៉ីន សម្រាប់វ៉ាក់សាំងវីរុសកូរ៉ូណា ជាលើកដំបូងបំផុតនៅក្នុងប្រទេសចិន អាចនឹងជួយបង្កើនល្បឿននៃការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំ ខណៈចិនកំពុងស្ថិតនៅក្នុងការប្រកួតប្រជែងវ៉ាក់សាំងដ៏មាន ប្រសិទ្ធភាពដើម្បីកម្ចាត់ COVID-19។
គួរជម្រាបថា វ៉ាក់សាំងខាងលើដែលត្រូវបានអភិវឌ្ឍឡើងដោយមន្ទីរពេទ្យ West China Hospital នៃសាកលវិទ្យាល័យ Sichuan University នៅក្នុងទីក្រុង Chengdu បានទទួលការអនុញ្ញាតពីរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិន ដើម្បីដំណើរការការធ្វើតេស្ដលើមនុស្ស បន្ទាប់ពីការធ្វើតេស្ដលើសត្វស្វាបង្ហាញថា វ៉ាក់សាំងនេះអាចបង្ការ និងប្រឆាំងនឹងវីរុសកូរ៉ូណា បង្កជាជំងឺ COVID-19 បានយ៉ាងមានប្រសិទ្ធភាពដោយមិនមានផលប៉ះពាល់អ្វីនោះទេ៕