(ការ៉ាកាស់)៖ រដ្ឋអាជ្ញាវេណេស៊ុយអេឡាលោក ថារែក វីលៀម សាអាប់ (Tarek William Saab) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅការ៉ា់កាស់) បាននិយាយថា ប្រទេសវេណេស៊ុយអេឡា បានស្នើសុំធ្វើបត្យាប័នជនជាតិវេណេស៊ុយអេឡា ០៤នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូឡុំប៊ី ក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធ នឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។
រដ្ឋអាជ្ញាវេណេស៊ុយអេឡាលោក Tarek William Saab បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងបានស្នើសុំតុលាការ ដែលមានសមត្ថកិច្ចរបស់ប្រទេសវេណេស៊ុយអេឡា ក្នុងការដោះស្រាយរឿងក្ដីនេះតាមរយៈបណ្តាញការទូត ព្រោះឧក្រិដ្ឋជនទាំង ០៤នាក់នោះ មានជាប់ទាក់ទងទៅនឹងសកម្មភាពឧក្រិដ្ឋ»។ លោក Saab បានបន្ថែមទៀតថា «អាជ្ញាធរវេណេស៊ុយអេឡា បានផ្សព្វផ្សាយជាសាធារណៈ និងតាមរយៈបណ្តាញការទូត ពីសកម្មភាពរបស់ពលរដ្ឋទាំងនោះ នៅក្នុងប្រទេសកូឡុំប៊ី ដែលជាជនរត់គេចខ្លួនពីតុលាការវេណេស៊ុយអេឡា»។
អ្នកជាប់ឃុំទាំង ០៤នាក់ត្រូវបានចោទប្រកាន់ថា «ជាអ្នករៀបចំ និងផ្តល់ហិរញ្ញប្បទាន» ដល់ជំរំយោធារត់ចោលជួរ និងទាហានស៊ីឈ្នួល ដែលត្រូវបានបណ្តុះបណ្តាល ឱ្យអនុវត្តការវាយប្រហារតាមសមុទ្រ ដែលគេស្គាល់ថា ជាប្រតិបត្តិការ ហ្គដឹន (Gideon) មានគោលបំណងផ្ដួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅនេះ។
គួរបញ្ជាក់ អាជ្ញាធរកូឡុំប៊ីកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានប្រកាសចាប់ខ្លួនជនជាតិវេណេស៊ុយអេឡាចំនួន ០៤នាក់ ដែលពួកគេមានតួនាទីក្នុងការបំពាក់អាវុធ និងបណ្តុះបណ្តាលទាហានស៊ីឈ្នួល ឲ្យលុកលុយប្រទេសជិតខាងគឺវេណេស៊ុយអេឡា៕