(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក រ៉ូប៊ឺត អូនប្រាយអិន (Robert O'Brien) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអះអាងថា ប្រទេសចិនកំពុងដើរតួរនាទីយ៉ាងសកម្ម នៅក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀត ដែលព្យាយាមលូកដៃចូលក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆកាខាងមុននេះ និងមានគម្រោងការធំបំផុត
ដើម្បីជ្រៀតជ្រែកនយោបាយ នៅអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសន្និសីទខ្លីមួយ លោក O'Brien បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងដឹងច្បាស់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មបំផុត បន្ទាប់មក អ៉ីរ៉ង់ និងរុស្សី ដើម្បីព្យាយាមលូកដៃចូលក្នុងនយោបាយ នៅសហរដ្ឋអាមេរិក»។ លោក O'Brien ក៏បានព្រមានទៅប្រទេសចិន រុស្សី និងអ៉ីរ៉ង់ រួមទាំងអ្នកដទៃទៀត (មិនបង្ហាញជាសាធារណៈ) ថា រាល់ការប៉ុនប៉ងជ្រៀតជ្រែកទាំងអស់ នឹងត្រូវប្រឈមមុខនឹង ផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត។
នៅជុំវិញការចោទប្រកាន់ដូចខាងលើនេះ ប្រទេសចិនក៏ធ្លាប់បានចេញមុខ បដិសេធជាច្រើនដងមកហើយ ចំពោះការចោទប្រកាន់ដែលថា ក្រុម Hackers ចិនបានលួចទិន្នន័យពីក្រុមហ៊ុនអាមេរិក, អ្នកនយោបាយ និងភ្នាក់ងាររដ្ឋាភិបាលអាមេរិកផងដែរ។ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក ក៏បានឆ្លើយតបទៅការលើកឡើងចុងក្រោយរបស់ លោក O'Brien ដោយបានគូសបញ្ជាក់សាជាថ្មី ពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន កាលពីខែមុនថា ប្រទេសចិនមិនមានបំណងក្នុងការជ្រៀតជ្រែក ចូលក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនោះទេ។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុម Hackers បានបើកយុទ្ធការបំផ្លាញ និងរំខានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ហើយពួកគេនឹងបង្កើនការវាយប្រហារ ធំជាងនេះនាពេលខាងមុខ៕