(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានស្រាវជ្រាវរកឃើញ ផ្កាយមួយក្រុមមានសមត្ថភាព អាចធ្វើឲ្យខូចទ្រង់ទ្រាយនៃសំណុំរូបធាតុដែលផ្តល់កំណើតឲ្យភពគេហៅថា Planet-Forming Disk ដែលនៅជុំវិញពួកវា តាមរយៈការប្រើតេឡេស្កូបរលកវិទ្យាសកម្ម ALMA (ALMA radio telescope) របស់អង្គការអឺរ៉ុប ESO។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។
ប្រព័ន្ធផ្កាយដូចជាប្រព័ន្ធព្រះអាទិត្យយើងជាដើម ជាទូទៅបានកកើតឡើង ដោយភពនានារបស់ពួកវា សុទ្ធតែមានគន្លងគោចរ នៅលើផ្ទៃរាបស្មើ ឬសំណាញ់តែមួយដូចគ្នា ពោលគឺភពទាំងនោះកើតចេញពី បណ្តុំរង្វង់ស្រូបធូលីដើម្បីពង្រីកខ្លួនក្លាយជាភព (Planet-Forming Disk) ដែលមានរាងដូចជាបន្ទះឌីសរាបស្មើមួយ។ ប៉ុន្តែបើយោងទៅតាមការសិក្សាថ្មីមួយទៀត ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានរកឃើញថា វាមិនមែនតែងតែបែបនេះរហូតឡើយ។
ក្រោយការចំណាយពេលសិក្សាអស់រយៈពេល ១១ឆ្នាំដោយក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Exeter និង Leicester នៃចក្រភពអង់គ្លេស លើប្រព័ន្ធផ្កាយក្មេងខ្ចីមួយឈ្មោះ GW អូរ៉ៃអឺនីស (GW Orionis) ដែលមានផ្កាយដល់ទៅបីដួង និងស្ថិតនៅចម្ងាយ ១,៣០០ឆ្នាំពន្លឺពីយើង ក្រុមអ្នកវិទ្យាសាស្រ្តខាងលើរកឃើញ ភស្តុតាងជាក់ស្តែងដែលបង្ហាញថា ប្រព័ន្ធក្មេងខ្ចីដែលមានផ្កាយច្រើនដួងបែបនេះ គឺពិតជាអាចធ្វើឲ្យខូចទ្រង់ទ្រាយ រង្វង់ឌីសធូលីបង្កើតភពរបស់ពួកវា ខណៈកន្លងមកគឺធ្លាប់តែមានការសង្ស័យ ជុំវិញបាតុភូតបែបនេះថា អាចកើតមាន ឬក៏អត់ប៉ុណ្ណោះ។
គួរជម្រាបថា ឥទ្ធិពលនៃផ្កាយទាំងបីដួងនៅក្នុងប្រព័ន្ធ GW Orionis បានធ្វើឲ្យ Planet-Forming Disk ដែលរួមមាននូវឧស្ម័ន និងធូលីអវកាស បូករួមទាំងអាចម៍ផ្កាយ និងវត្ថុជាច្រើនផ្សេងទៀតនោះ បាត់បង់ទ្រង់ទ្រាយធម្មតារបស់វា ដែលរាបស្មើដូចបន្ទះឌីស។ ប្រការនេះក៏ជាឧទាហរណ៍ជាក់ស្តែងផងដែរ ដើម្បីពន្យល់ថា ហេតុអ្វីបានជាប្រព័ន្ធផ្កាយភ្លោះពីរ ឬបី កម្រមានភពគោចរជុំវិញ ក៏ព្រោះតែនៅក្នុងលក្ខខណ្ឌបែបនេះ វាពិតជាពិបាកណាស់នៅក្នុងការអនុញ្ញាតឲ្យភពនានា អាចកកើតឡើងបាន៕