(ញូដេលី)៖ ប៉ូលិសនៅក្នុងរដ្ឋធានីញូដេលី ប្រទេសឥណ្ឌា បានចាប់ខ្លួនអ្នកកាសែតនៅក្នុងស្រុកក្រៅក្របខណ្ឌម្នាក់ ដោយជាប់សង្ស័យថាលួចធ្វើចារកម្ម និងបានផ្ដល់ ព័ត៌មានរសើបមួយចំនួន ឱ្យទីភ្នាក់ងារស៊ើបការណ៍សំងាត់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប៉ូលិសឥណ្ឌា បានឱ្យដឹងទៀតថា អ្នកកាសែតនៅក្នុងស្រុកខាងលើមានឈ្មោះ Rajeev Sharma មានអាយុ៦១ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីដើមសប្ដាហ៍កន្លងទៅ ហើយប៉ូលិសបានរឹបអូសឯកសារសំខាន់ៗមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងក្រសួងការពារជាតិឥណ្ឌា ចេញពីផ្ទះអ្នកកាសែតរូបនេះ។
បន្ថែមពីលើនេះ បើតាមប៉ូលិសឥណ្ឌា ស្ត្រីជនជាតិចិនម្នាក់ និងជនជាតិនេប៉ាល់ម្នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយមានជាប់សង្ស័យថាបានផ្ដល់ប្រាក់ក្នុងចំនួនដ៏ច្រើន ឱ្យលោក Sharma ជាថ្នូរនឹងការផ្ដល់ព័ត៌មានរសើបដល់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ចិន។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញ ការចាប់ខ្លួននេះ ដែលកើតមានឡើងចំពេលឥណ្ឌា និងចិន កំពុងមានភាពតានតឹងនឹងគ្នានៅឯតំបន់ជម្លោះព្រំដែន៕