(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន TikTok បានដាក់ពាក្យបណ្តឹង និងស្នើឱ្យចៅក្រមអាមេរិកម្នាក់ បិទខ្ទប់បម្រាមរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មកលើក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គមចិនមួយនេះ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។
ក្រុមហ៊ុន TikTok និងក្រុមហ៊ុន ByteDance ដែលជាម្ចាស់ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមចិនមួយនេះ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការសហព័ន្ធវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រកន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីប្រឆាំងជំទាស់នឹងបម្រាមដាក់ចេញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។ នៅក្នុងពាក្យបណ្ដឹងនេះ ក្រុមហ៊ុនទាំង២ ក៏បានបញ្ជាក់ដែរថាបម្រាមរបស់រដ្ឋបាលលោក ត្រាំ គឺធ្វើឡើងក្រោមហេតុផលនយោបាយ និងបំពានលើច្បាប់ First Amendment rights នៃសហរដ្ឋអាមេរិក។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅ បានចេញបម្រាមមួយ ដោយហាមឃាត់ប្រជាជននៅក្នុងសហរដ្ឋអាមេរិក ទាញយក (download) កម្មវិធី WeChat និង TikTok ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះតទៅ៕