(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថាសហគមន៍អន្តរជាតិ គួរតែងើបឡើងប្រឆាំងនឹងការប្រើប្រាស់ការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ជាមធ្យោបាយសម្លុតធ្វើបាបអ្នកដទៃ ឬក៏ចង់ប្រឈមមុខនឹងទណ្ឌកម្មដោយខ្លួនឯង នៅថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។
លោក Zarif ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ម្សិលមិញ និងចំពេលអ៉ីរ៉ង់កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មជាថ្មី ពីសំណាក់សហរដ្ឋអាមេរិក។ លោកប្រមុខការទូតអ៉ីរ៉ងរូបនេះបានលើកឡើងដូច្នេះថា៖ «សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពសម្លុតធ្វើបាបអ្នកដទៃតាមរយៈការដាក់ទណ្ឌកម្ម ...ដូច្នេះសហគមន៍អន្តជាតិ គួរតែសម្រេចចិត្តថាតើត្រូវដោះស្រាយនឹងការសម្លុតធ្វើបាបនេះដោយរបៀបណា បើពុំដូច្នោះទេ ប្រទេសដទៃទៀត ក៏អាចនឹងត្រូវជាប់ទណ្ឌកម្ម អាមេរិកដូចគ្នា នៅថ្ងៃខាងមុខ»។
គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ម្សិលមិញ បានប្រកាសថាសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម UN ទាំងអស់លើអ៉ីរ៉ង់ឡើងវិញ ខណៈ ក្រុមមន្ត្រីអាមេរិកក៏បានអះអាងដែរថា លោក ត្រាំ មានផែនការចេញបទបញ្ជាប្រតិបត្តិមួយដែលនឹងអនុញ្ញាតឱ្យលោកដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលបំពានលើ ទណ្ឌកម្មអាវុធប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ ទណ្ឌកម្មអាវុធប្រឆាំងអ៉ីរ៉ង់ នឹងត្រូវអស់សុពលភាពនៅខែតុលាខាងមុខនេះ ហើយសហរដ្ឋអាមេរិក បានបរាជ័យរួចហើយដែរក្នុង ការបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តសុពលភាពលើទណ្ឌកម្មនេះ៕