(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បានឱ្យដឹងថាក្រុមបាតុករច្រើនជាង១,០០០នាក់ បានប្រមូលផ្ដុំគ្នានៅកណ្ដាលទីក្រុងឡុងដ៍ ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការបិទប្រទេសឬ Lockdown ដែលមានគោលដៅទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។
បាតុកម្មតវ៉ាខាងលើបានកើតឡើងកាលពីថ្ងៃសៅរ៍ ម្សិលមិញ (ម៉ោងក្នុងទីក្រុងឡុងដ៍) ដោយក្រុមបាតុករបាននាំគ្នាលើកផ្ទាំងបដាមានសរសេរថា COVID-19 គឺជាការបោក បញ្ឆោត, គ្មានទេ! បទបញ្ជាឱ្យពាក់ម៉ាស, ខ្លួនប្រាណរបស់ខ្ញុំ និងជម្រើសរបស់ខ្ញុំ។ បើតាមប៉ូលិសអង់គ្លេស បាតុកម្មតវ៉ានេះបានប្រែក្លាយជាអំពើហិង្សា ក៏ដូចជាការប៉ះទង្គិចរវាង ប៉ូលិស និងក្រុមបាតុករ រហូតដល់នាំឱ្យមនុស្ស ៣២នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមបាតុករមិនព្រមស្ដាប់តាមការអំពាវនាវឱ្យបំបែកហ្វូងចេញពីកន្លែងធ្វើបាតុកម្មដែលធ្វើឡើងដោយបំពានលើវិធានការរឹតត្បិតប្រឆាំង COVID-19។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានេះ កើតមានឡើងចំពេលនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន កំពុងពិចារណាថាតើគួរតែដាក់ចេញវិធានការ Lockdown មួយចំនួន នៅទូទាំង ប្រទេសអង់គ្លេសសាជាថ្មី ឬក៏យ៉ាងណា។ នៅក្រោមវិធានការប្រឆាំង COVID-19 ប្រជាជននៅក្នុងប្រទេសអង់គ្លេស មិនត្រូវបានអនុញ្ញាតឱ្យប្រមូលផ្ដុំគ្នាលើសពី៦នាក់ឡើយ លើកលែង តែការធ្វើបាតុកម្មពាក់ព័ន្ធនឹងនយោបាយ និងគោរពតាមវិធានការ ឬសេចក្ដីណែនាំពីអាជ្ញាធរសុខាភិបាល។ ក្រុមអ្នករៀបចំបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការ lockdown កាលពីពេលមុនៗ ក៏ធ្លាប់ត្រូវបានពិន័យជាប្រាក់ ១២,៩១៤ដុល្លារផងដែរ។
បើតាមគេហទំព័រ worldometers អង់គ្លេសមានអ្នកឆ្លង COVID-19 ៣៩០,៣៥៨នាក់ ក្នុងនោះស្លាប់ ៤១,៧៥៩នាក់ និងជាអ្នកជាសះស្បើយឡើងវិញ មិនមានការបញ្ជាក់៕