(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា មន្ត្រីល្បាតជលផលកូរ៉េខាងត្បូងម្នាក់ ដែលបានបាត់ខ្លួននៅក្នុងសប្ដាហ៍នេះ គឺត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ និងដុតបំផ្លាញសាកសព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។
មុនពេលបាត់ខ្លួនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បុរសដែលមិនទាន់បញ្ជាក់សញ្ញាណខាងលើ អាយុ ៤៧ឆ្នាំ បានស្ថិតនៅលើទូកល្បាតមួយគ្រឿងនៅចំងាយប្រហែល ១០គីឡូម៉ែត្រពីព្រំដែនទឹកកូរ៉េខាងជើង ក្បែរកោះ យុនព្យុង (Yeonpyeong)។ បើតាមយោធាកូរ៉េខាងត្បូង បុរសរូបនេះបានព្យាយាមរត់ចូលកាន់ទឹកដីកូរ៉េខាងជើង ហើយត្រូវបានចាប់ខ្លួនយកទៅសួរចម្លើយលើទូក មុននឹងទាហានកូរ៉េខាងជើងបាញ់សម្លាប់ និងចាក់សាំងដុតបំផ្លាញសាកសព។ មូលហេតុពិតប្រាកដនៃការទង្វើឃាតកម្មនេះ និងហេតុផល ដែលមន្ត្រីកូរ៉េខាងត្បូងរូបនេះប៉ុនប៉ងរត់ចូលដែនទឹកកូរ៉េខាងជើង មិនទាន់ត្រូវបានបញ្ជាក់លម្អិតឡើយ ប៉ុន្តែទាហានកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា បានអនុវត្តតាមបញ្ជាថ្នាក់លើ ក្រោមវិធានការប្រឆាំង COVID-19។
ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានទទួលស្គាល់ដែរថា មន្ត្រីជលផលកូរ៉េខាងត្បូងខាងលើ គឺត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ និងដុតបំផ្លាញសាកសព។ ក្រសួងបានថ្កោលទោស និងចាត់ទុកថានេះជាទង្វើដ៏សាហាវឃោរឃៅ ហើយថាកូរ៉េខាងជើងគួរតែបកស្រាយឱ្យបានច្បាស់ និងដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ចំពោះអ្នកប្រព្រឹត្ត ឬអ្នកជាប់ពាក់ព័ន្ធទាំងឡាយ។
គួរជម្រាបថា នេះគឺជាលើកទីពីរហើយ ដែលពលរដ្ឋកូរ៉េខាងត្បូងត្រូវបានបាញ់សម្លាប់នៅក្នុងទឹកដីកូរ៉េខាងជើង ចាប់តាំងពីកាលពីខែកក្កដា ឆ្នាំ២០០៨ ដែលកាណោះពលរដ្ឋកូរ៉េខាងត្បូងម្នាក់ឈ្មោះ ផាក វ៉ាងចា (Park Wang-ja) ត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ នៅឯតំបន់រម្មណីយដ្ឋាភ្នំគុមហ្គាង (Kumgang) ដោយចោទថាបានចូលក្នុងតំបន់ហាមឃាត់របស់កូរ៉េខាងជើង៕