(ហ្សឺណែវ)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅលើសកលលោក អាចនឹងកើនឡើងទ្វេដងរហូតដល់ ២លាននាក់ មុនពេលដែលវ៉ាក់សាំងផលិតបានជោគជ័យ និងត្រូវបញ្ចេញឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ ហើយចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះទៅទៀត បើសិនជាបណ្ដាប្រទេសទាំងអស់មិនធ្វើសកម្មភាពរួមគ្នា ប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។ នេះបើតាមជាការព្រមានពីមន្ត្រីជាន់ខ្ពស់ WHO ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីនាថ្ងៃសុក្រសប្ដាហ៍នេះ នាយកកម្មវិធីសង្គ្រោះបន្ទាន់អង្គការ WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើយើងមិនរួបរួមសាមគ្គីគ្នា ឬធ្វើការងារនេះទាំងអស់គ្នាទេ នោះមនុស្សរហូតដល់ ២លាននាក់អាចនឹងបាត់បង់ជីវិត... ហើយនេះមិនមែនត្រឹមតែជាការស្រមើស្រមៃឡើយ តែវាជារឿងដែលអាចទៅរួច»។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសកលលោកបានកើនដល់ជាង ៩៩៣,០០០នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៣២.៧លាននាក់ ខណៈ២៤.១លាននាក់ជាសះស្បើយឡើងវិញ៕