(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា មនុស្សយ៉ាងហោចណាស់ ២៥នាក់ស្លាប់ និង ០២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយកើតមានហេតុការណ៍ធ្លាក់យន្តហោះយោធាមួយនៅតំបន់ ខាគីវ (Kharkiv) ភាគឦសានប្រទេស កាលពីយប់ថ្ងៃសុក្រ ខណៈដែលការរុករកមនុស្សម្នាក់ទៀតនៅតែបន្ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន Interfax របស់អ៊ុយក្រែន បានរាយការណ៍ថា ប្រធានរដ្ឋបាលតំបន់ Kharkiv លោក អូឡេកស៊ី គូឆឺ (Oleksiy Kucher) បានទៅដល់កន្លែងកើតហេតុ។ លោក Kucher បានគូសបញ្ជាក់ថា មុនពេលយន្តហោះធ្លាក់ អ្នកបើកបរយន្តហោះបានរាយការណ៍ថា ម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះមានបញ្ហា។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ចំពោះស្ថានការណ៍បែបនេះមិនបង្កជាបញ្ហានោះទេ សម្រាប់អ្នកបើកយន្តហោះដែលមានបទពិសោធន៍ច្រើនឆ្នាំហើយ ដូច្នេះមូលហេតុពិតប្រាកដនៅពីក្រោយសោកនាដកម្មនេះ ត្រូវការការស៊ើបអង្កេតបន្ថែមពីមន្ត្រីជំនាញ។
នៅក្នុងសេចក្តីរាយការណ៍បានបង្ហាញថា យន្តហោះប្រភេទ An-26 របស់កងទ័ពអាកាសអ៊ុយក្រែន ផ្ទុកមនុស្សសរុបចំនួន ២៨នាក់ ដែលភាគច្រើនជានាយទាហាននៃសាកលវិទ្យាល័យទ័ពអាកាស Kharkov បានធ្លាក់អំឡុងពេលព្យាយាមចុះចត នៅឯអាកាសយានដ្ឋានក្នុងទីក្រុង ឈូហ្គីវ (Chuguev)។
នៅជុំវិញបញ្ហាខាងលើនេះប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមា ហ្សេឡិនស្កាយ (Volodymyr Zelensky) បានបង្ហោះសារលើបណ្តាញសង្គមថា លោកនឹងជិះយន្តហោះទៅកាន់តំបន់ Kharkiv ដោយផ្ទាស់នៅថ្ងៃសៅរ៍នេះ។ ប្រធានាធិបតីរូបនេះក៏បានបន្ថែមទៀតថា គណៈកម្មការបន្ទាន់មួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតពីមូលហេតុពិតប្រាកដ នៃសោកនាដកម្មនេះផងដែរ៕