(យូអិន)៖ មេដឹកនាំបណ្តាប្រទេសនៅអាមេរិកឡាទីន បានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ (UN) ឲ្យមានការចែកចាយវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃនាពេលខាងមុខនេះ និងបានទទូចដល់ប្រទេសមហាអំណាច ឲ្យមានចែករំលែកចំណេះដឹងរបស់ពួកគេលើបញ្ហានេះ សម្រាប់ជាប្រយោជន៍ដល់សុខុមាលភាពពិភពលោកផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។
ប្រធានាធិបតីអាហ្សង់ទីនលោក អាល់ប៊ឺតូ ហ្វឺណាន់ដែស (Alberto Fernandez) បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា «ទាក់ទងនឹងបញ្ហាជំងឺឆ្លងរាតត្បាតសកល (COVID-19) វាអាចនឹងមានហានិភ័យខ្ពស់សម្រាប់ប្រទេសក្រីក្រ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងដោយខ្លួនឯង ជាហេតុនាំឲ្យលោកអំពាវនាវ ឲ្យមានការចែករំលែកវ៉ាក់សាំងជាសកល ដោយឥតគិតថ្លៃ»។
ទន្ទឹមនឹងនេះ ប្រធានាធិបតីឈីលីលោក សេបាស្ទាន ភីណឺរ៉ា (Sebastian Pinera) ក៏បានជំរុញឲ្យប្រទេសមហាអំណាចទាំងពីរ (សហរដ្ឋអាមេរិក និងចិន) បញ្ឈប់ «ការឈ្លោះប្រកែកគ្នា ហើយងាកមករួបរួមដឹកនាំប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាតសកលនេះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ឲ្យមានការប្រសើរឡើងវិញផងដែរ»។ លោកប្រធានាធិបតីបានបន្ថែមទៀតថា «នៅក្នុងកាលៈទេសៈនេះ យើងគួរតែរួមគ្នាចែករំលែកនូវដំណោះស្រាយ និងចំណេះដឹង ក៏ដូចជាកិច្ចសហប្រតិបត្តិការបើក និងបិទព្រំដែន និងចូលរួមជាកម្លាំងសម្រាប់ការអភិវឌ្ឍន៍ និងការទទួលបាននូវវ៉ាក់សាំងដែលមានប្រសិទ្ធិភាព និងសុវត្ថិភាព ខណៈដែលកំពុងសហការជាមួយប្រទេសក្រីក្រ និងងាយរងគ្រោះបំផុតខ្លាំងបំផុតនេះ»។
គួរជម្រាបថា វ៉ាក់សាំង COVID-19 ដែលមានសក្តានុពលរាប់សិបប្រភេទ កំពុងត្រូវបានស្រាវជ្រាវនៅទូទាំងពិភពលោក ប៉ុន្តែមានតែវ៉ាក់សាំងចំនួន ១១ប៉ុណ្ណោះដែលបានឈានទៅដល់ការធ្វើតេស្តដំណាក់កាលទី ៣ ដែលជាដំណាក់កាលចុងក្រោយ ដោយក្នុងនោះមានអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់ បានចូលរួមក្នុងការធ្វើតេស្តនេះ។ វ៉ាក់សាំងទាំង ១១ នោះគឺជារបស់អាមេរិក ចិន រុស្ស៊ី និងអឺរ៉ុប៕