(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នៅថ្ងៃសៅរ៍នេះបានប្រកាសថា នឹងស្នើឱ្យកូរ៉េខាងជើងបើកស៊ើបអង្កេតរួមគ្នាមួយ ជុំវិញការបាញ់សម្លាប់ និងដុតសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់ ខណៈរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធពីក្រុមគណបក្សប្រឆាំង និងសាធារណមតិនៅក្នុងប្រទេស ពាក់ព័ន្ធនឹងរឿងរ៉ាវដ៏រសើបបំផុតនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។
ការប្រកាសខាងលើរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីយប់ថ្ងៃសុក្រម្សិលមិញ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ កូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងថា បានបាញ់សម្លាប់មន្រ្តីជលផលម្នាក់របស់ខ្លួន ដែលទំនងជាព្យាយាមរត់ចូលកូរ៉េខាងជើង ហើយបានដុតបំផ្លាញសាកសពមន្រ្តីរូបនោះចោលថែមទៀត កាលពីប៉ុន្មានថ្ងៃមុននេះ។ ភាគីកូរ៉េខាងត្បូងបានថ្កោលទោសកូរ៉េខាងជើង ចំពោះទង្វើដ៏សាហាវឃោឃៅនេះ ហើយបានទាមទារឲ្យទីក្រុងព្យុងយ៉ាងចេញមុខបកស្រាយ ក៏ដូចជាដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរ ចំពោះអ្នកប្រព្រឹត្ត ឬអ្នកជាប់ពាក់ព័ន្ធទាំងឡាយ។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រក៏បានប្រាប់ឱ្យដឹងដែរថា លោក គីម បានសម្តែងការសុំអភ័យទោស នៅក្នុងសារលិខិតមួយផ្ញើមកកាន់ខាងកូរ៉េខាងត្បូង។ ក្នុងលិខិតសុំទោសដដែល លោក គីម ជុងអ៊ុន បានហៅហេតុការណ៍នោះថា ជារឿងអកុសលដែលនឹកស្មានមិនដល់។ យ៉ាងណាមិញការចេញមុខសុំទោសបែបនេះ គឺជារឿងដ៏កម្រពីសំណាក់មេដឹកនាំកូរ៉េខាងជើង ចំពោះកូរ៉េខាងត្បូង។ ប៉ុន្តែទីក្រុងព្យុងយ៉ាង បានទាត់ចោលការចោទប្រកាន់ថា ខ្លួនបានដុតបំផ្លាញសាកសពមន្រ្តីកូរ៉េខាងត្បូង ហើយបញ្ជាក់ថា មន្ត្រីរូបបានឆ្លងដែនដោយខុសច្បាប់ កំឡុងការរឹតបន្តឹងវិធានការប្រឆាំង COVID-19៕