(ញូយ៉ក)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយឥតលក្ខខណ្ឌ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថាជាលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងញូយ៉ក) លោក Suga បានបញ្ជាក់ទៀតថា ជប៉ុនកំពុងស្វែងរកការភ្ជាប់ទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសកូរ៉េខាងជើង ផ្អែកលើសេចក្ដីថ្លែងការណ៍ទ្វេភាគី ជប៉ុន-កូរ៉េខាងជើង (Japan-DPRK Pyongyang)។ បើតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០០២ ប្រទេសទាំងពីរនឹងស្វែងរកមធ្យោបាយ ដោះស្រាយបញ្ហានុយក្លេអ៊ែរ និងមីស៊ីលនៅលើឧបទ្វីបកូរ៉េរួមទាំងបញ្ហាជនជាតិជប៉ុន ដែលត្រូវបានគេជឿជាក់ថា ត្រូវបានទីភ្នាក់ចារកម្មកូរ៉េខាងជើងចាប់ពង្រត់អំឡុងឆ្នាំ១៩៧០ និង១៩៨០។

លើសពីនេះទៅទៀតក្នុងសន្ទរកថាដដែលលោក Suga ក៏បានសង្កត់ធ្ងន់ដែរថា ការបង្កើតទំនាក់ទំនងផ្លូវការរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងតូក្យូ មិនមែនត្រឹមតែបម្រើផលប្រយោជន៍ នៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែវាក៏នឹងចូលរួមចំណែកការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែរ។

គួរជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ក៏ធ្លាប់បានប្រកាសពីបំណងបើកកិច្ចចរចា និងជួបជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌជាច្រើនលើកហើយដែរ តែទីក្រុងព្យុងយ៉ាងតែងតែបដិសេធជារឿយៗ ហើយលោក Suga ត្រូវបានគេរំពឹងថា អាចនឹងបន្តអនុវត្តតាមគោលបាយរបស់លោក អាបេ លើសំណុំរឿងកូរ៉េខាងជើង៕