(បាកដាដ)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ាក់ លោក Fuad Hussein នៅថ្ងៃពុធនេះ បាននិយាយថា ទីក្រុងបាកដាដ មិនសប្បាយចិត្តជាមួយនឹងការគំរាមកំហែងដ៏គ្រោះថ្នាក់ របស់ក្រុងវ៉ាស៊ីនតោន ដែលថាខ្លួននឹងដកកងទ័ព ក៏ដូចជាបិទស្ថានទូតអាមេរិកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

លោក Fuad Hussein បានគូសបញ្ជាក់ដូច្នេះថា៖ «ការដកទ័ពរបស់អាមេរិក អាចនាំទៅរកការដកសមាជិកបន្ថែមទៀត នៃក្រុមយោធាចម្រុះដែលដឹកនាំដោយ សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីព្រោះក្រុមអង្គការរដ្ឋអ៊ីស្លាម គំរាមកំហែងមិនត្រឹមតែចំពោះ ប្រទេសអ៉ីរ៉ាក់ប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូលផងដែរ»។

រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖ «យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញ ជុំវិញការសម្រេចចិត្តរបស់ខ្លួន ដែលនៅពេលនេះវាតែគ្រាន់តែ ជាការចាប់ផ្តើមប៉ុណ្ណោះ»។

គួរជម្រាថា កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ខ្លួននឹងបិទស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រសិនបើរដ្ឋាភិបាលអ៉ីរ៉ាក់មិនព្រមធ្វើសកម្មភាព ឬមិនអាចបញ្ឈប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ពីសំណាក់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីត មកលើតំបន់ដែលស្ថានទូតអាមេរិកតាំងនៅទៀតនោះ។

ចាប់តាំងពីការស្លាប់របស់មេទ័ពកំពូលអ៊ីរ៉ង់ លោក កាសេម សូឡៃមេនី (Qasem Soleimani) ក្នុងទីក្រុងបាកដាដ កាលពីខែមករា ដើមឆ្នាំ២០២០ ស្ថានទូត និងមូលដ្ឋានទ័ពអាមេរិក នៅលើទឹកដីអ៉ីរ៉ាក់ តែងតែរងការគំរាមកំហែង និងវាយប្រហារជារឿយៗពីសំណាក់ ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីតគំាទ្រដោយអ៉ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ក៏បានព្រមានឲ្យរដ្ឋាភិបាលទីក្រុងបាកដាដ ចាត់វិធានការទប់ស្កាត់ជាច្រើនលើកផងដែរ៕