(សៅប៉ូឡូ)៖ ប្រឈមមុខនឹងករណីឆ្លងរាប់ម៉ឺននាក់ និងស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅទីបំផុតរដ្ឋបាលគ្រប់គ្រងរដ្ឋសៅប៉ូឡូ នៃប្រទេសប្រេស៊ីល បានសម្រេចចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ចំនួន ៤៦លានដូស នៅក្នុងតម្លៃ ៩០លានដុល្លារអាមេរិកពីក្រុមហ៊ុនចិន សាយណូវ៉ាក់-បាយអូធិច (Sinovac Biotech)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។

សៅប៉ូឡូគឺជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុត ប្រចាំនៅប្រទេសប្រេស៊ីល និងជាទីកន្លែងធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងតំណាក់កាលទី ៣ (Pharse III) ផងដែរ។ ការធ្វើតេស្តកន្លងមក ត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិ ប៊ូថាន់ថាន់ (Butantan) របស់រដ្ឋសៅប៉ូឡូ ខណៈកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ចំនួន ៤៦លានដូសនេះ គឺជាការសម្រេចផ្លូវការមួយ នៅក្នុងចំណោមវ៉ាក់សាំងចំនួន ៦០លានដូស ដែលរដ្ឋនេះមានបំណងទិញពីក្រុមហ៊ុន Sinovac របស់ចិន។

គួរបញ្ជាក់តាមលោក ស៊ីង ហាន (Xing Han) ប្រធានក្រុមហ៊ុន Sinovac ប្រចាំតំបន់អាមេរិកឡាទីនបានលើកឡើងថា លទ្ធផលធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួននៅក្នុងតំណាក់កាលទី ៣ នឹងត្រូវចេញនៅក្នុងរយៈពេល ២ខែទៀតប៉ុណ្ណោះ។ ដោយឡែកអភិបាលរដ្ឋសៅប៉ូឡូលោក ហ្សូអៅ ដូរៀ (João Doria) វិញបានអះអាងថា វ៉ាក់សាំង COVID-19 ដំបូងនឹងអាចយកមកប្រើប្រាស់បាន នៅកំលុងខែធ្នូ ឆ្នាំ២០២០៕