(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា សាលារៀន រោងកុន និងអាងហែលទឹក នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ បន្ទាប់ពីការបិទទ្វាររយៈពេលជាច្រើនខែកន្លងទៅនេះ បើទោះបីជាប្រទេសឥណ្ឌាពេលនេះ ត្រូវបានគេរំពឹងទុកថា នឹងអាចវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាប្រទេស ដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតលើពិភពលោកក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
បើតាមរដ្ឋាភិបាលឥណ្ឌា ថ្នាក់រៀនសម្រាប់សិស្សានុសិស្សដែលមានអាយុពី ១៤-១៧ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចូលរៀនវិញរួចទៅហើយ នៅតាមបណ្ដារដ្ឋមួយចំនួនកាលពីសប្តាហ៍មុន ប៉ុន្តែសេចក្តីប្រកាសថ្មីខាងលើនេះ គឺនឹងត្រូវបានអនុញ្ញាតសម្រាប់ការបើកដំណើរការ សាលារៀននៅទូទាំងប្រទេសតែម្ដង ហើយការបើកសាលារៀន និងស្ថាប័នបណ្ដុះបណ្ដាលឡើងវិញនេះ រដ្ឋាភិបាលត្រូវការពេលពិចារណា និងធ្វើការសម្រេចចិត្តបន្ថែមទៅលើកម្រិតថ្នាក់រៀន បន្ទាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
ចំណែកឯរោងកុន ក៏នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញផងដែរ ដោយការដាក់មនុស្សបានតែ ៥០ភាគរយប៉ុណ្ណោះ ខណៈអាងហែលទឹកក៏នឹងត្រូវអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញដូចគ្នា ប៉ុន្តែសម្រាប់ការបណ្តុះបណ្តាលផ្នែកកីឡាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាដែលមានប្រជាជនជាង ១.៣ពាន់លាននាក់ បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ៦.២លានករណី ក្នុងនោះស្លាប់ជាង ៩៧,០០០នាក់ ហើយបច្ចុប្បន្ននេះ ក៏ជាប្រទេសដែលមានករណីឆ្លង និងស្លាប់ខ្ពស់ជាងគេបំផុត លើពិភពលោកលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកផងដែរ។ យ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌានៅតែសម្រេចចិត្ត ចាប់ផ្តើមធ្វើសកម្មភាពឡើងវិញជាបណ្តើរៗ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចដែលរងការបំផ្លាញ យ៉ាងធ្ងន់ធ្ងរដោយសារការជាប់គាំង អស់រយៈពេលជាច្រើនខែកន្លងទៅនេះ ដែលធ្វើឲ្យប្រជាជនរាប់លាននាក់ ជួបប្រទះភាពលំបាកវេទនាក្នុងជីវភាពរស់នៅ៕