(ប៉េកាំង)៖ ឧទ្ធម្ភាគចក្រគ្មានមនុស្សបើក ឬឧទ្ធម្ភាគចក្រដ្រូនម៉ាក AR-500C របស់ចិន បានបញ្ចប់ការធ្វើតេស្ដហោះហើរនៅរយៈកម្ពស់ខ្ពស់ និងត្រូវបានទទួលស្គាល់ថា វាមានសមត្ថភាពផ្ទុកទម្ងន់ ៨០គីឡូក្រាម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
ក្រុមហ៊ុនឧស្សាហកម្មចិន AVIC បានឱ្យបានដឹងថា ឧទ្ធម្ភាគចក្រដ្រូន AR-500C របស់ខ្លួនបានបញ្ចប់ការហោះហើររយៈកម្ពស់ខ្ពស់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននៅឯខេត្ត ស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន។ ក្រៅពីអាចផ្ទុកទម្ងន់ ៨០គីឡូក្រាម ឧទ្ធម្ភាគចក្រដ្រូននេះ ក៏មានសមត្ថភាពក្នុងការប្រយុទ្ធផងដែរ ដោយវាអាចកំណត់គោលដៅវាយប្រហារ , ធ្វើការវាយប្រហារ និងធ្វើការស៊ើបការណ៍ជាដើម។
គួរជម្រាបថា AR-500C បានធ្វើតេស្ដហោះហើរជាលើកដំបូង កាលពីខែឧសភាកន្លងទៅ នៅឯខេត្តជាំងស៊ី (Jiangxi) នៃភាគខាងកើតប្រទេសចិន ហើយការប្រកាសពីការបញ្ចប់ ការធ្វើតេស្ដនេះកើតមានឡើង ចំពេលដែលចិនកំពុងមានភាពតានតឹងជាមួយឥណ្ឌា នៅតាមតំបន់ព្រំដែន៕