(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានប្រតិកម្មយ៉ាងខ្លាំងកាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីឡា) ជុំវិញការអំពាវនាវរបស់បេក្ខភាពប្រធានាធិបតីអាមេរិក លោក ចូន បៃដិន ឲ្យសហគមន៍អន្តរជាតិផ្តល់ប្រាក់ចំនួន ២០ពាន់លានដុល្លារដល់ប្រទេសប្រេស៊ីល ជាថ្នូរនឹងការឈប់កាប់បំផ្លាញព្រៃអាម៉ាហ្សូន (Amazon) ឬក៏ត្រូវប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។

លោក Bolsonaro បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា ការលើកឡើងរបស់លោក ចូ បៃដិន នៅក្នុងការជជែកដេញដោលគ្នាជាមួយលោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺជាការគំរាមកំហែងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើប្រេស៊ីលមិនព្រមទទួលយកសំណើខាងលើ។ ប្រធានាធិបតីប្រេស៊ីលរូបនេះបានបដិសេដ មិនព្រមទទួលយកសំណូក ឬការគំរាមកំសាកបែបនេះជាដាច់ខាត។

លោក Bolsonaro បានអះអាងសាជាថ្មីថា ប្រទេសប្រេស៊ីលបាននឹងកំពុងចាត់វិធានការ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃអាម៉ាហ្សូន និងបានចាត់ទុកចំណាប់អារម្មណ៍របស់បរទេស ទៅលើបញ្ហាព្រៃអាម៉ាហ្សូនថា ជាការជំរុញផ្នែកហិរញ្ញវត្ថុ និងប៉ុនប៉ងបំផ្លាញអធិបតេយ្យភាពរបស់ប្រេស៊ីលតែប៉ុណ្ណោះ។ នៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាខែវិច្ឆិកា លោក បៃដិន កំពុងប្រជែងជាមួយលោក ដូណាល់ ត្រាំ ហើយនៅជុំវិញបញ្ហានេះលោក Bolsonaro បានកោតសរសើរដោយបើកចំហចំពោះលោក ត្រាំ ហើយក៏បានព្យាយាមចងសម្ព័ន្ធមិត្ត ជាមួយរដ្ឋាភិបាលរបស់លោកផងដែរ តាមរយៈការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងឲ្យកាន់តែស៊ីជម្រៅ។

នៅក្នុងការជជែកដេញដោលដ៏ក្តៅគគុកកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក បៃដិន បាននិយាយថា ប្រទេសប្រេស៊ីលគឺជាឧទាហរណ៍ដែលបានបង្ហាញថាលោក ត្រាំ មិនមានបទពិសោធន៍ជាមួយ គោលនយោបាយការបរទេសទោល់តែសោះ។ លោក បៃដិន បានបន្ថែមទៀតថា ព្រៃឈើនៅក្នុងប្រទេសប្រេស៊ីល កំពុងរងការកាប់បំផ្លាញយ៉ាងខ្លាំង ដូច្នេះហើយខ្ញុំនឹងធ្វើឲ្យប្រាកដថា បណ្តាប្រទេសនានានាលើពិភពលោកប្រមូលប្រាក់ចំនួន ២០ពាន់លានដុល្លារ ដើម្បីឲ្យប្រទេសប្រេស៊ីលបញ្ឈប់សកម្មភាព កាប់បំផ្លាញព្រៃអាម៉ាហ្សូនតទៅទៀត បើមិនដូច្នេះទេ ប្រេស៊ីលនឹងប្រឈមនឹងផលវិបាកសេដ្ឋកិច្ចជាក់ជាមិនខាន។

គួរបញ្ជាក់តាមទិន្នន័យផ្លូវការបានបង្ហាញថា ផ្ទៃដីព្រៃឈើទំហំស្មើនឹងប្រទេសលីបង់ ត្រូវបានកាប់បំផ្លាញនៅតំបន់អាម៉ាហ្សូននៅក្នុងឆ្នាំ២០១៩ ដែលជាកម្រិតខ្ពស់បំផុតសម្រាប់រយៈពេល ១១ឆ្នាំកន្លងមកនេះ។ យ៉ាងណាមិញ រដ្ឋាភិបាលស្តាំនិយមរបស់លោក Bolsonaro នៅតែបន្តអះអាងថា ប្រេស៊ីលគឺជាគំរូនៃការអភិរក្ស ដោយសារតែផ្ទៃដីព្រៃឈើរបស់ខ្លួន នៅតែមានទំហំដដែល។ លោក Bolsonaro ធ្លាប់បានសង្កត់ធ្ងន់ថា ពិភពលោកគួរតែចំណាយប្រាក់បន្ថែម ប្រសិនបើពួកគេចង់ឲ្យយើងអភិរក្សព្រៃឈើបន្ថែមទៀតនោះ៕