(វ៉ាស៊ីនតោន)៖ ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាអាមេរិក បានស្នើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បើកការស៊ើបអង្កេតមួយលើករណី ព្យាយាមបំពុលដើម្បីសម្លាប់មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី លោក អាឡិចហ្សៃ ណាវ៉ា់ល់នី (Alexei Navalny)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
ការស្នើសុំខាងលើរបស់ប្រធាន គណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាអាមេរិក ជីម រ៉ាយឆ៍ (Jim Risch) នៃគណបក្សសាធារណរដ្ឋ និងសមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យលោក បុម មែណិនឌែស (Bob Menendez) នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងលិខិតដដែល សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ទាំងពីរូបបានគូសបញ្ជាក់ថា «យើងពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះការវាយតម្លៃជាច្រើនដែលថា មេបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny ត្រូវបានគេបំពុលកាលពីខែសីហា ឆ្នាំ២០២០ ដោយសារធាតុគីមីពុលណូវីឆុក (Novichok)។ ដូច្នេះយើងស្នើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិចារណាបើកការស៊ើបអង្កេតមួយលើករណីនេះ»។
គួរជម្រាបថា លោក Alexei Navalny ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីសប្ដាហ៍មុន ក្រោយសម្រាកព្យាបាលអស់ជាង ៣២ថ្ងៃ។ រដ្ឋាភិបាលអាល្លឺម៉ង់បានអះអាងថា លោកត្រូវបានគេបំពុលដោយប្រើសារធាតុគីមីពុល Novichok ដែលក្រុមមន្ត្រីបក្សប្រឆាំងបានអះអាងថា វាត្រូវបានគេលួចដាក់នៅក្នុងពែងតែរបស់លោក Navalny។ ទោះជាយ៉ាង រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា មិនមានភស្ដុតាងជាក់លាក់ណាមួយបង្ហាញថា លោកត្រូវបានគេបំពុលនោះទេ៕