(ប៊ែរឡាំង)៖ មេបក្សប្រឆាំងរុស្ស៊ីលោក អេឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) បានចោទប្រកាន់ត្រង់ៗថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកនៅពីក្រោយខ្នងនៃ ការបញ្ជាឱ្យគេព្យាយាមបំពុលសម្លាប់រូបលោក ដោយប្រើសារធាតុគីមីពុល ណូវីឆុក (Novichok)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
លោក Navalny ធ្វើការចោទប្រកាន់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីអាល្លឺម៉ង់ ដឺ ស្ពីហ្គែល (Der Spiegel) ជាលើកដំបូងបំផុត ចាប់តាំងពីលោករងការវាយប្រហារដោយថ្នាំពុល កាលពីខែសីហាមក។ បទសម្ភាសន៍នេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ និងត្រូវចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះតែម្តង។ លោក Navalny ដែលជាអ្នកនយោបាយប្រឆាំង និងអ្នករិះគន់ការដឹកនាំរបស់លោក ពូទីន ដោយឥតសម្ចៃមាត់ម្នាក់ បានធ្លាក់ខ្លួនសន្លប់បាត់បង់ស្មារតីរយៈពេល ០២ថ្ងៃនៅក្នុងមន្ទីរពេទ្យមួយស្ថិតនៅឯក្រុង អូម (Omsk) នៃតំបន់ស៊ីបេរី។ លោក Navalny ត្រូវបានគេបញ្ជូនបន្តទៅព្យាបាល នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ហើយលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យកាលពីសប្ដាហ៍មុន ក្រោយធូរស្បើយឡើងវិញ។
បើតាមមន្ត្រីគណបក្សប្រឆាំង លោក Navalny ត្រូវបានគេលួចបំពុលដោយដាក់ថ្នាំពុលម្យ៉ាង នៅក្នុងពែងតែដែលលោកបានផឹក ខណៈរដ្ឋាភិបាលអាល្លឺម៉ង់អះអាងថា ថ្នាំពុលនោះមានឈ្មោះ Novichok ផលិតដោយអតីតសហភាពសូវៀត។ ក្រុមមន្ត្រីបក្សប្រឆាំងបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោក ពូទីន គឺជាអ្នកនៅពីក្រោយការប៉ុនប៉ងសម្លាប់លោក Navalny។ ក៏ប៉ុន្តែវិមានក្រឹមឡាំងបានទាត់ចោលការចោទប្រកាន់ទាំងនេះ ហើយក្រុមគ្រូពេទ្យរុស្ស៊ីក្នុងតំបន់ស៊ីបេរី ដែលបានព្យាបាលលោក Navalny ដំបូងគេក៏បានអះអាងដែរថា ពួកគេមិនបានរកឃើញសារធាតុពុល នៅក្នុងខ្លួនមេបក្សប្រឆាំងរូបនេះឡើយ។
គួរបញ្ជាក់ថា សំណុំរឿងប៉ុនប៉ងសម្លាប់លោក Alexei Navalny បានធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចល្អក់កករសាជាថ្មី ដោយអាល្លឺម៉ង់ និងអង់គ្លេសជាដើមបានស្នើសុំការបកស្រាយ និងការពន្យល់ពីរដ្ឋាភិបាលរុស្ស៊ី ហើយក្រោយមកទៀតពួកគេប្រកាសថា នឹងដាក់ទណ្ឌកម្មលើរុស្ស៊ី បើសិនជាទីក្រុងទីម៉ូស្គូមានជាប់ពាក់ព័ន្ធ នឹងទង្វើដ៏សាហាវឃោឃៅនេះមែននោះ។ វិមានក្រឹមឡាំង ក៏ធ្លាប់ត្រូវបានគេចោទប្រកាន់ផងដែរថា បានព្យាយាមបំពុលសម្លាប់ អតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីលោក ស៊ឺហ្គៃ ស្គ្រីប៉ាល់ (Sergei Skripal) និងកូនស្រីរបស់លោកក្នុងទីក្រុង សាលីប៊ឺរី (Salisbury) ប្រទេសអង់គ្លេសកាលពីឆ្នាំ២០១៨ ដោយប្រើសារធាតុគីមីពុល Novichok ដូចគ្នា៕