(ប៉េកាំង)៖ ចិនសង្ឃឹមថាក្រុមអ្នកនយោបាយអាមេរិកមួយចំនួន នឹងបញ្ឈប់ការស្តីបន្ទោស និងទម្លាក់កំហុសលើប្រទេសដទៃ ជុំវិញការរីករាលដាលនៃជំងឺ COVID-19 ព្រោះថាវា នឹងមិនអាចញ្ជៀសជំងឺមួយនេះ ឬក៏ជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 បានឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) ធ្វើការកត់សម្គាល់បែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពី ក្រុមអ្នកនយោបាយអាមេរិកមួយចំនួន បានចោទប្រកាន់ប្រឆាំងនឹងប្រទេសចិន ជុំវិញជំងឺរាតត្បាត COVID-19 អំឡុងកិច្ចប្រជុំមួយនៅទីក្រុងតូក្យូ ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី។ អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ដូច្នេះថា៖ «ស.វទី ២១ គឺជាយុគសម័យសកលភាវូបនីយកម្ម ដោយបានផ្តល់អត្ថាប្រយោជន៍ដល់ប្រទេសអស់ ក្នុងកម្រិត មួយដែលមិនធ្លាប់មានពីមុន។ លោកស្រី បន្តទៀតថា «រង្វង់តូចដែលបិទ និងផ្តាច់មុខ» គឺពិតជាមិនអាចបង្កើនទំនុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឡើយ ជាពិសេស នៅពេលដែលសហគមន៍អន្តរជាតិ កំពុងប្រឈមមុខនឹងវិបត្តិនៃជំងឺរាតត្បាត COVID-19 និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។
លោកស្រី បានសង្កត់ធ្ងន់ពីយុទ្ធសាស្រ្ត កាលបរិចេ្ឆទ និងសមិទ្ធិផលដែលប្រទេសចិនសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងជំងឺ COVID-19 ហើយភាពជោគជ័យ ទាំងអស់នេះអាចសម្រេចបានស្របតាមអនុវត្តតាមបែបវិទ្យាសាស្ត្រ និងការពិត រួមជាមួយនឹងការប្តេជ្ញាក្នុងការដាក់ជិវិតមនុស្សជាអាទិភាពចម្បង។
គួរបញ្ជាក់ថា បច្ចុប្បន្ន នៅសហរដ្ឋអាមេរិក មានករណីឆ្លងជំងឺ COVID-19 ប្រមាណ៧.៦លានករណី ក្នុងនោះមនុស្សជាង ២១០,០០០ នាក់បានស្លាប់។ លោកស្រី Hua បានចោទសួរទៅកាន់អ្នកនយោបាយអាមេរិកមួយចំនួនថា ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលបំផុតលើពិភពលោកដែលមានធនធានវេជ្ជសាស្រ្តល្អបំផុត ហេតុអ្វីសហរដ្ឋអាមេរិក បង្ហាញពីភាពបរាជ័យក្នុងការទប់ស្តាត់ការឆ្លងរីករាលនៃជំងឺ COVID-19 ទៅវិញ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកធ្លាប់បានរាយការណ៍ផងដែរថាករណីឆ្លងដំបូងបំផុត នៅសហរដ្ឋអាមេរិក ប្រហែលជាបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមកម្ល៉េះ។ កាណោះ តើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះ? តើវិធានការបង្ការ និងការរាយការណ៍ធ្វើឡើងទាន់ពេលវេលាឬទេ? ហើយ តើការបាត់បង់ជិវិតពលរដ្ឋអាមេរិកាំង ២១០,០០០ នាក់នៅមិនទាន់គ្រប់គ្រាន់ដើម្បីដាស់មនសិការអ្នកនយោបាយអាមេរិកទាំងនោះឬក៏យ៉ាងណា?
ជាចុងក្រោយ លោកស្រី Hua បានបញ្ជាក់ជាថ្មីថា ប្រទេសចិនសង្ឃឹមថាក្រុមអ្នកនយោបាយអាមេរិកមួយចំនួនគួរបញ្ឈប់ការស្តីបន្ទោសប្រទេសដទៃទៀត ជុំវិញការរីករាលដាល នៃជំងឺ COVID-19 និងការកុហកដដែលៗ ហើយគួរផ្តោតលើការដោះស្រាយបញ្ហាឲ្យអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋអាមេរិកាំងវិញល្អជាង៕