(ស្រ៊ីណាហ្កា)៖ កងកម្លាំងរដ្ឋាភិបាលឥណ្ឌាបានផ្តាច់ជីវិត មេបញ្ជាការកំពូលរបស់ក្រុមឧទ្ទាមធំបំផុតនៅតំបន់កាស្មៀរ (Kashmir) នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងកាលពីថ្ងៃអាទិត្យ ខណៈដែលមន្ត្រីប៉ូលិសបានចាត់ទុកថា ជាជោគជ័យដ៏សំខាន់បំផុតទៅលើក្រុមឧទ្ទាម ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាកន្លងមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០
មេបញ្ជាការដែលស្លាប់មានឈ្មោះថា សៃហ្វូឡាហ៍ មារ (Saifullah Mir) គឺជាមេក្រុមឧទ្ទាម ហ៊ីសបាល់ មូចាហ៊ីឌីន (Hizbul Mujahideen) ដ៏ធំបំផុតនៅក្នុងតំបន់កាស្មៀរ ដែលបានដឹកនាំការបះបោរប្រដាប់អាវុធ ប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលឥណ្ឌា ជាច្រើនទសវត្សរ៍មកហើយ។
អធិការប៉ូលិសឥណ្ឌាប្រចាំតំបន់ខាងលើនេះ គឺលោក វិច័យ គុម៉ារ (Vijay Kumar) បានគូសបញ្ជាក់ថា ប៉ូលិសនិងទាហានប៉ារ៉ាបានបើកប្រតិបត្តិការរួមគ្នាមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនៅតំបន់ ស៊្រីណាហ្ការ (Srinagar) ក្នុងសង្កាត់មួយនៅជាយក្រុង ដែលត្រូវបានគេជឿថា ជាកន្លែងដែលមេឧទ្ទាម Saifullah កំពុងជ្រកកោន។ អធិការរូបនេះបានបន្ថែមទៀតថា ការបាញ់ប្រហារបានផ្ទុះឡើង ដោយបានបណ្តាលឲ្យមេបញ្ជាការក្រុមឧទ្ទាមរូបនេះបាត់បង់ជីវិត ហើយជនសង្ស័យថាជាសហការីរបស់លោកក៏ត្រូវបានចាប់ខ្លួន។
លោក Kumar បានសង្កត់ធ្ងន់ទៀតថា ការសម្លាប់មេឧទ្ទាមធំបំផុតខាងលើនេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់ប្រតិបត្តិការ ទៅលើក្រុមប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌា នៅក្នុងតំបន់កាស្មៀរ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ភ្លាមៗពីក្រុមឧទ្ទាម ជុំវិញការសម្លាប់នេះនៅឡើយទេ។
គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារ ការតវ៉ាប្រឆាំងនឹងប្រទេសឥណ្ឌាបានផ្ទុះឡើង នៅក្នុងសង្កាត់ខាងលើ។ ជាការឆ្លើយតប ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកការតវ៉ាយុវជនជាច្រើននាក់ ដែលបានគប់ដុំថ្មប្រឆាំងនឹងប៉ូលិសបង្ក្រាបកុប្បកម្ម៕