(គែរ)៖ ប្រទេសអ៉ីរ៉ង់កាលពីថ្ងៃអាទិត្យបានកត់ត្រានូវករណីស្លាប់ដោយសារជំងឺ COVID-19 ប្រចាំថ្ងៃចំនួន ៤៣៤នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៣៥,២៩៨នាក់។ បន្ថែមពីនេះនៅក្នុងប្រទេសលីបង់ និងតំបន់ ហ្គាហ្សា (Gaza) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស (Hamas) បានទទូចឲ្យមានវិធានការបិទខ្ទប់ប្រទេស-តំបន់ទាំងស្រុង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រទេសអ៉ីរ៉ង់បានរាយការណ៍ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៧,៧១៩ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ជាង ៦២០,៤០០នាក់។ ក្រសួងក៏បានបន្ថែមទៀតថា ខេត្តចំនួន ២៧ ក្នុងចំណោមខេត្តទាំង ៣១ របស់អ៉ីរ៉ង់កំពុងស្ថិតក្នុងការព្រមានកម្រិកពណ៌ក្រហម (កម្រិតខ្ពស់) ចំពោះហានិភ័យខ្ពស់នៃការចម្លង ខណៈខេត្ត ០៤ ផ្សេងទៀតស្ថិតក្នុងសញ្ញាប្រុងប្រយ័ត្នកម្រិតពណ៌លឿង (កម្រិតបង្គួរ)។
ដោយឡែក ក្រសួងសុខាភិបាលអ៉ីរ៉ាក់វិញ កាលពីថ្ងៃអាទិត្យម្សិលមិញក៏បានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ២,៦៥៨ករណីបន្ថែមដែលនាំឲ្យករណីឆ្លងនៅទូទាំងប្រទេសកើនដល់ជាង ៤៧៥,០០០នាក់។ អ៉ីរ៉ាក់បានរាយការណ៍ថា ករណីស្លាប់សរុបកើនដល់ជិត ១០១,០០០នាក់ និងជាង ៤០២,៧០០នាក់បានជាសះស្បើយ។
បន្ថែមពីនេះ ប្រទេសលីបង់កាលពីថ្ងៃអាទិត្យបានជំរុញឲ្យអាជ្ញាធរ ដាក់ចេញនូវវិធានការរឹតបន្តឹងឡើងវិញ នៅទូទាំងប្រទេស។ លីបង់ក៏បានបន្ថែមទៀតដែរថា ប្រទេសមជ្ឈិមបូព៌ាមួយនេះបានកត់ត្រានូវករណីស្លាប់ថ្មីៗ នៅក្នុងចំណោមមនុស្សវ័យក្មេង ដោយសារតែការធ្វេសប្រហែសរបស់ពលរដ្ឋ ព្រមទាំងកង្វះការយល់ដឹងអំពីវិធីការពារ COVID-19 ក្នុងចំណោមសមាជិកគ្រួសារផងដែរ។ ករណីឆ្លងជំងឺ COVID-19 នៅប្រទេសលីបង់បានកើនលើស ៨០,០០០ករណី ក្នុងនោះមនុស្សច្រើនជាង ៦០០នាក់បានស្លាប់។
ងាកទៅមើលប្រទេសកាតាវិញ ក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសពីករណីឆ្លងសរុបនៅក្នុងប្រទេសកើនដល់ជាង ១៣២,៧០០ករណី។ ទន្ទឹមនឹងនេះមនុស្ស ២០១នាក់បន្ថែមបានជាសះស្បើយ ដែលនាំឲ្យអ្នកជាសះស្បើយសរុបកើនដល់ ១២៩,៧៨៤នាក់ ខណៈចំនួនអ្នកស្លាប់មានសរុប ២៣២នាក់។
សម្រាប់នៅតំបន់ Gaza វិញបានព្រមានថា ពួកគេទំនងជាទាមទារឲ្យអាជ្ញាធរមូលដ្ឋាន ដាក់ចេញនូវវិធានការបិទខ្ទប់តំបន់នេះទាំងស្រុង នៅចំពោះមុខនៃការកើនឡើងករណីឆ្លងថ្មីៗ យ៉ាងគំហុតបែបនេះ។ ទន្ទឹងគ្នានេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅទីក្រុងរ៉ាម៉ាឡាហ៍ (Ramallah) បានកត់ត្រាករណីឆ្លងថ្មីៗចំនួន ៥៤០ករណី ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៦៥,៨០២នាក់។
ចុងក្រោយនេះគឺនៅប្រទេសអ៉ីស្រាអែល ការសាកល្បងវ៉ាក់សាំងមានឈ្មោះថា ប្រ៊ីឡៃហ្វ (BriLife) ដែលអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជ្រាវជីវសាស្រ្ត របស់អ៉ីស្រាអែលបានចាប់ផ្តើមជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា។ ការសាកល្បងខាងលើបានធ្វើឡើង នៅក្នុងមន្ទីរពេទ្យចំនួន ២កន្លែង ជាមួយនឹងអ្នកស្ម័គ្រចិត្ត ៨០នាក់។ គិតត្រឹមថ្ងៃអាទិត្យដដែល អ៉ីស្រាអែលមានករណីឆ្លង COVID-19 សរុបជាង ៣១៥,០០០ករណី ក្នុងនោះស្លាប់ ២,៥៥៤នាក់ និងជាសះស្បើយវិញ ៣០២,៧៧៧នាក់។
នៅជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានលើកឡើងយ៉ាងដូច្នេះថា ដំណោះស្រាយពិតប្រាកដទៅលើវិបត្តិ COVID-19 គឺអាស្រ័យលើការបង្កើតវ៉ាក់សាំង ដូចនេះហើយថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលផ្តល់នូវការលើកទឹកចិត្តដល់ពលរដ្ឋអ៉ីស្រាអែលគ្រប់រូប៕
ប្រភព៖ ស៊ីនហួរ (ថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០)