(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើការជូនដំណឹងមិនទាន់ផ្លូវការមួយទៅកាន់សភា ពាក់ព័ន្ធនឹងផែនការលក់ដ្រូនប្រយុទ្ធប្រភេទ MQ-9 រីបពើ (MQ-9 Reaper) ចំនួន ១៨គ្រឿងទៅឲ្យប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅក្នុងតម្លៃសរុប ២.៩ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ការជូនដំណឹងទៅកាន់សភាអាមេរិកនេះ គឺជាផែនការថ្មីមួយទៀត បន្ទាប់ពីក្រសួងការបរទេសដដែល ធ្លាប់បានជូនដំណឹងម្តងរួចមកហើយ អំពីគម្រោងលក់យន្តហោះចម្បាំង F-35 ទៅដល់ប្រទេសមជ្ឈិមបូព៌ាខាងលើនេះ។ យ៉ាងណាក៏ដោយ ការលក់សព្វាវុធរបស់អាមេរិក ទៅឲ្យប្រទេសអេមីរ៉ាត់អារ៉ាប់រួម គឺត្រូវការពិនិត្យយ៉ាងដិតដល់ពីគណៈកម្មាធិការសភាអាមេរិក ដោយសារតែបញ្ហាធំមួយកំពុងរារាំង នោះគឺប្រទេសមួយនេះធ្លាប់បានចូលរួម ក្នុងសង្គ្រាមបង្ហូរឈាមនៅប្រទេសយ៉េមែន។
អេមីរ៉ាត់អារ៉ាប់រួមកន្លងមកនេះ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញដ្រូនប្រយុទ្ធ MG-19 Reaper ពីសហរដ្ឋអាមេរិក ហើយប្រទេសនេះអាចនឹងក្លាយជាអតិថិជនដំបូងគេ ដែលបានទិញសព្វាវុធប្រភេទនេះពីសហរដ្ឋអាមេរិក ក្រោយគោលនយោបាយលោក ដូណាល់ ត្រាំ ចំពោះតំបន់មជ្ឈិមបូព៌ា ក្នុងការប្រែក្លាយប្រទេសដែលធ្លាប់ជាសត្រូវជាមួយអ៉ីស្រាអែល ឲ្យក្លាយជាមិត្តវិញនោះ ត្រូវបានអនុវត្តជាបណ្តើរៗ។ អ៉ីស្រាអែលកន្លងមកនេះ បានចេញមុខជំទាស់ចំពោះគម្រោងលក់ F-35 ឲ្យអេមីរ៉ាត់អារ៉ាប់រួម ប៉ុន្តែក្រោយអាមេរិកចេញមុខធានា សម្ព័ន្ធមិត្តដែកថែបមួយនេះ ក៏បានដកការជំទាស់ចេញវិញ។
គួរបញ្ជាក់ថា ផែនការលក់ដ្រូនប្រយុទ្ធបែបនេះ ក៏ត្រូវបានលើកឡើងចំពោះកោះតៃវ៉ាន់ផងដែរ ប៉ុន្តែមិនទាន់មានការសម្រេចជាផ្លូវការណាមួយនោះឡើយ ខណៈប្រទេសចិនវិញបានចេញមុខព្រមាន និងជំទាស់យ៉ាងដាច់ខាតរួចជាស្រេច៕