(វ៉ាស៊ីនតោន)៖ សមាជិកនៃគណបក្សសាធារណរដ្ឋមួយចំនួន កំពុងរក្សាគម្លាតពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ទ្ធនឹងការប៉ុនប៉ងប្រកាស «ជ័យជម្នះមិនទាន់ពិតប្រាកដ» នៅក្នុងការបោះឆ្នោត និងការអះអាងដោយគ្មានភស្តុតាងជាក់លាក់ អំពីការព្យាយាមលួចសន្លឹកឆ្នោត របស់ក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យ។ ការចោទប្រកាន់ត្រូវបានធ្វើឡើង កាលល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលដែលលោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា ដំណើរការរាប់សន្លឹកឆ្នោតមានភាពអយុត្តិធម៌ និងពុករលួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ត្រាំ មិនបានផ្តល់ភស្តុតាង ឬព័ត៌មានលម្អិតណាមួយឡើយ ហើយរដ្ឋនានានិងមន្ត្រីសហព័ន្ធក៏មិនបានរាយការណ៍ អំពីករណីលួចបន្លំសន្លឹកឆ្នោតផងដែរ។ សមាជិកព្រឹទ្ធសភាលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) នៃគណបក្សសាធារណៈរដ្ឋមកពីរដ្ឋផ្លរីដា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ប្រសិនបើបេក្ខជនណាមួយជឿជាក់ថា រដ្ឋណាពិតជាបានរំលោភច្បាប់បោះឆ្នោតមែននោះ ពួកគេមានសិទ្ធិប្តឹងទៅកាន់តុលាការជាមួយនឹងភស្តុតាង ដើម្បីគាំទ្រការចោទប្រកាន់របស់ពួកគេ»។
លោក Rubio បានបន្ថែមទៀតថា «ការចំណាយពេលប៉ុន្មានថ្ងៃ ដើម្បីរាប់សន្លឹកឆ្នោតដែលស្របច្បាប់មិនមែនជាការបន្លំនោះទេ ហើយការប្រជែងគ្នានៅក្នុងតុលាការ ដើម្បីស្វែងរកសុក្រិតភាព ចំពោះសន្លឹកឆ្នោតដែលត្រូវបានបោះរួចនោះ ក៏មិនត្រូវបានរាំងខ្ទប់នោះដែរ»។
ក្រៅពីលោក Rubio អភិបាលរដ្ឋម៉ារីលែនដ៍ (Maryland) លោក ឡារី ហូហ្គែន (Larry Hogan) ដែលជាសក្តានុពលបេក្ខភាពប្រធានាធិបតី នៃបក្សសាធារណរដ្ឋនាអាណត្តិឆ្នាំ២០២៤ខាងមុខ និងជាអ្នកដែលតែងតែរិះគន់ លោក ត្រាំ បានគូសបញ្ជាក់ថា អាមេរិកកំពុងបន្តរាប់សន្លឹកឆ្នោត ហើយយើងគ្រប់គ្នាត្រូវតែគោរពលទ្ធផល ដូចដែលយើងតែងតែធ្វើកាលពីពេលមុនៗ។ លោក Hogan ក៏បានបង្ហោះសារនៅលើបណ្តាញ Twitter ដូច្នេះថា «គ្មានការបោះឆ្នោត ឬបុគ្គលណាសំខាន់ជាងប្រព័ន្ធប្រជាធិបតេយ្យរបស់យើងនោះឡើយ»។
ទន្ទឹងគ្នានេះ សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋម្នាក់ទៀតនៅរដ្ឋ យូតាហ៍ (Utah) គឺលោក មីត រ៉ូមនី (Mitt Romney) មិនបានលើកឡើងពីសុន្ទរកថារបស់លោក ត្រាំ ដោយផ្ទាល់នោះទេ ប៉ុន្តែបានព្យាយាមគូសបញ្ជាក់ថា ការរាប់សន្លឹកឆ្នោតច្រើនគឺត្រូវការពេលវេលា និងជារឿងស្មុគស្មាញ។ អតីតបេក្ខជនប្រធានាធិបតី ដែលធ្លាប់តទល់គ្នាជាមួយលោក បារ៉ាក់ អូបាម៉ា រូបនេះក៏បានបន្ថែមទៀតដែរថា ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង យើងនឹងបើកការស៊ើបអង្កេត ហើយទីបំផុតនឹងដោះស្រាយតាមប្រព័ន្ធតុលាការ ដូច្នេះហើយយើងត្រូវមានជំនឿលើលទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញរបស់យើង ជាពិសេសសំឡេងរបស់ពលរដ្ឋអាមេរិកាំង។
គួរបញ្ជាក់ថា មុនសុន្ទរកថារបស់លោក ត្រាំ នៅក្នុងសាលប្រជុំសេតវិមាន សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបានជំទាស់ ទៅនឹងការប៉ុនប៉ងរបស់លោក ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋសមរភូមិសំខាន់ៗផ្សេងទៀត។ ការអត្ថាធិប្បាយរបស់មន្ត្រីសំខាន់ៗខាងលើនេះ បានធ្វើឲ្យលោក ត្រាំ គ្មានសំឡេងគាំទ្រសំខាន់ៗពីគណបក្សរបស់លោកផ្ទាល់ ខណៈលោកបន្តឈរពីក្រោយលោក ចូ បៃដិន ដើម្បីគ្រប់គ្រងសេតវិមាន បើមើលទៅលើលទ្ធផលមិនទាន់ផ្លូវការ៕