(វ៉ាស៊ីនតោន)៖ យោងតាមលទ្ធផលបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ ដែលចេញផ្សាយដោយទូរទស្សន៍ Fox News នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា នេះបានបង្ហាញថា សំឡេងគាំទ្របេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន បានហក់ឡើងនាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ វិញហើយនៅក្នុងរដ្ឋ ចរជា (Georgia) ដែលនេះធ្វើឱ្យលោក បៃដិន មានភាគរយកាន់តែខ្ពស់ ក្នុងការជាប់ជាប្រធានាធិបតីអាមេរិកទី ៤៦។
បើតាម Fox News ដដែល លោក ចូ បៃដិន កំពុងនាំមុខលោក ត្រាំ ៩១៧សំឡេងនៅក្នុងរដ្ឋ Georgia ហើយបើលោក បៃដិន ឈ្នះក្នុងរដ្ឋនេះតែមួយប៉ុណ្ណោះ នោះលោកនឹងទទួលបានអង្គបោះឆ្នោតចំនួន ២៨០រូប ខណៈលោកកំពុងនាំមុខស្រាប់ក្នុងរដ្ឋ ណេវ៉ាដា (Nevada) ដែលមានអង្គបោះឆ្នោត ០៦រូប។ ដើម្បីជាប់ឆ្នោតលោក បៃដិន ឬលោក ត្រាំ ត្រូវរកឱ្យបានអង្គបោះឆ្នោត ២៧០រូប ដោយបច្ចុប្បន្នលោកទទួលបាន ២៦៤រូបរួចទៅហើយ ខណៈលោក ដូណាល់ ត្រាំ វិញទទួលបាន ២១៤រូប៕