(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅថ្ងៃសុក្រ ទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ប្រទេសចិនមិនដែលជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់ប្រទេសដទៃ ហើយក៏មិនមានការចាប់អារម្មណ៍ ក្នុងការធ្វើរឿងដូច្នេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
ការលើកឡើងរបស់ លោក Wang Wenbin បែបនេះ នៅឯសន្និសីទសារព័ត៌មានទៀងទាត់មួយនៅទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ និងជាការឆ្លើយតបទៅប្រទេសអូស្រ្តាលី ដែលបានស្រេចចោទប្រកាន់លើបុគ្គលម្នាក់ ក្រោមច្បាប់ជ្រៀតជ្រែកពីបរទេសរបស់ខ្លួន ហើយក៏ជាករណីដំបូងបំផុតផងដែរ។
គួរជម្រាបថា បើតាមប៉ូលីសអូស្ត្រាលីបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានបុរសម្នាក់ ឈ្មោះ Di Sanh Duong ត្រូវបានចោទប្រកាន់ពីបទជ្រៀងជ្រែកក្នុងកិច្ចផ្ទៃក្នុង ក្រោមច្បាប់ថ្មី ដែលបានណែនាំកាលពីឆ្នាំ២០១៨។ ហើយបើតាមប្រភពដដែលនេះ បានឲ្យដឹងទៀតថា លោក Duong មានទំនាក់ទំនងនឹងទីភ្នាក់សំងាត់បរទេស ប៉ុន្តែមិនបានបង្ហាញឲ្យចំឈ្មោះប្រទេសនោះទេ ខណៈគេដឹងយ៉ាងច្បាស់ថា ច្បាប់ថ្មីដែលអូស្ត្រាលីបានចាក់តែងឡើងនេះ មានបំណងសំដៅដល់ប្រទេសចិន៕