(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបង្ហោះសារមួយលើគណនី Twitter របស់លោកថា លោក ចូ បៃដិន មិនត្រូវអះអាងដោយខុសទាំងស្រុងថា ខ្លួនជាអ្នកឈ្នះនោះឡើយ។ ការបង្ហោះសាររបស់លោក ត្រាំ បែបនេះបានកើតមានឡើង នៅពេលដែលគ្រប់គ្នាកំពុងមើលឃើញថា សំឡេងនាំមុខរបស់លោក បៃដិន លើលោក ត្រាំ គឺជាការពិតដែលមិនអាចប្រកែកបាន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសារបង្ហោះលើ Twitter លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក ចូ បៃដិន មិនគួរអះអាងដោយខុសទាំងស្រុងថា ខ្លួនជាអ្នកទទួលជ័យជម្នះនោះឡើយ។ ខ្ញុំក៏អាចអះអាងបែបនេះដូចគ្នា។ កិច្ចដំណើរការនៃនីតិវិធីច្បាប់ កំពុងតែចាប់ផ្តើមហើយ»។ លោក ដូណាល់ ត្រាំ នៅតែអះអាងដដែលថា លោកនឹងឈ្នះឆ្នោតមួយអាណត្តិទៀត បើទោះបីជាលទ្ធផលបណ្តោះអាសន្ន ពេលនេះបានបង្ហាញថា លោកអាចនឹងក្លាយជាប្រធានាធិបតី ដែលកាន់អំណាចបានតែមួយអាណត្តិក៏ដោយ។
គួរជម្រាបថា រហូតមកទល់ពេល បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំពុងនាំមុខ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង ២៦៤រូប ទល់នឹង ២១៤រូប។ នៅក្នុងរដ្ឋទាំងបីដែលលោក បៃដិន កំពុងនាំមុខដូចជា Nevada, Pennsylvania និង Georgia ទោះបីជាលោកឈ្នះលោក ត្រាំ ក្នុងរដ្ឋមួយណាមុនក៏ដោយ ក៏អាចបង្គ្រប់សំឡេង ដើម្បីឈ្នះក្លាយជាប្រធានាធិបតីអាមេរិកដែរ៕