(អ៊ឺរ៉ុប)៖ ក្រុមហ៊ុនផលិតឱសថ បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនដៃគូ ភីហ្វីហ្សឺ (Pfizer) របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយគណៈកម្មការអឺរ៉ុប ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំង COVID-19 រហូតដល់ទៅ ៣០០លានដូស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្រោមកិច្ចព្រមព្រៀងរបស់សហភាពអ៊ឺរ៉ុប ប្រទេសចំនួន២៧ នៅអ៊ឺរ៉ុប មានសិទ្ធិទិញបាន ២០០លានដូស ហើយមានជំរើសក្នុងការទិញ ១០០លានផ្សេងទៀត។ បើយោងតាមក្រុមហ៊ុន បានឲ្យដឹងថា ការដឹកជញ្ជូននឹងត្រូវធ្វើឡើងនៅបំណាច់ឆ្នាំនេះ។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំងពីរ បានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា បេក្ខភាពវ៉ាក់សាំងរបស់ពួកគេ បានបង្ហាញពីប្រសិទ្ធភាពលើស ៩០% ប្រឆាំងនឹងជំងឺ COVID-19 ចំពោះអ្នកចូលរួមធ្វើតេស្ត ដែលគ្មានប្រវត្តិឆ្លងវីរុសកូរ៉ូណាពីមុន។ មិនបានប៉ុន្មានម៉ោង ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) ក៏បានប្រកាសឲ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងចុះកិច្ចកុងត្រាទិញ វ៉ាក់សាំងពីក្រុមហ៊ុនទាំងពីរ។
គួរជម្រាបថា ក្រុមហ៊ុន Pfizer និង BioNTech ក៏មានកិច្ចព្រមព្រៀងដាច់ដោយឡែក ជាមួយសហរដ្ឋអាមេរិក សម្រាប់ទិញវាក់សាំង COVID-19 ក្នុងទឹកប្រាក់ចំនួន ១.៩៥ពាន់លានដុល្លា កាលពីដើមឆ្នាំនេះផងដែរ៕