(តៃប៉ិ)៖ ក្នុងជំនួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក Antony Blinken ដែលជាទីប្រឹក្សាប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន លោកស្រី Hsiao Bi-khim ដែលជាអ្នកតំណាងកោះតៃវ៉ាន់ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន និងជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីតៃវ៉ាន់ បានពាំនាំការអបអរសាទររបស់តៃវ៉ាន់ចំពោះលោក បៃដិន រួមជាមួយក្តីសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្នាដដែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ប៉ុន្មានឆ្នាំកន្លងមកនេះ តៃវ៉ាន់ត្រូវគេមើលឃើញថា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ រដ្ឋាភិបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រួមមានដូចជាការលក់សព្វាវុធកាន់តែច្រើនឡើង និងដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិកមកកាន់ទីក្រុងតៃប៉ិ។ តៃវ៉ាន់បានបង្ហាញក្តីសង្ឃឹមជុំវិញការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាមេរិកបែបនេះ ដោយសារជ័យជម្នះរបស់លោក បៃដិន ហាក់បានបង្កក្តីព្រួយបារម្ភមួយចំនួននៅតៃវ៉ាន់។
គួរបញ្ជាក់ថា ភាពតានតឹងពាក់ព័ន្ធនឹងកោះតៃវ៉ាន់ បានពុះកញ្រ្ចោលឡើងយ៉ាងខ្លាំង ចាប់តាំងតែពីលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក កាលពីប៉ុន្មានឆ្នាំមុន ដោយចិនបានធ្វើសមយុទ្ធយោធាជាប្រចាំនៅក្បែរតៃវ៉ាន់ ហើយទីក្រុងប៉េកាំងក៏បានទទូចផងដែរឲ្យ សហរដ្ឋអាមេរិកបញ្ឈប់ការបង្កើនចំណងទាក់ទងជាមួយតៃវ៉ាន់ ដែលចិនចាត់ទុកត្រឹមជាផ្នែកមួយរបស់ខ្លួនប៉ុណ្ណោះ៕