(ហាណូយ)៖ ព្យុះទីហ្វុង Vamco បានវាយលុកចូលដល់ប្រទេសវៀតណាមហើយ នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលធ្វើឲ្យខូចខាតអគារ និងមនុស្សយ៉ាងហោចណាស់ ០៥នាក់រងរបួស បន្ទាប់ពីបានបំផ្លិចបំផ្លាញនៅហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន France24។
ប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានរាយការណ៍ឲ្យដឹងថា ព្យុះកំណាចនេះបានបក់បោកមកដល់ ប្រទេសវៀតណាមនៅព្រឹកថ្ងៃអាទិត្យនេះ ជាមួយនឹងខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ៩០គីឡូម៉ែតក្នុងមួយម៉ោង ដោយបានបំផ្លេចបំផ្លាញដើមឈើ និងអគារសាលារៀន ក៏ដូចជាដំបូលផ្ទះជាច្រើនខ្នង។
ព្យុះទីហ្វុង Vamco គឺជាព្យុះចុងក្រោយបង្អស់ ក្នុងចំណោមព្យុះជាបន្តបន្ទាប់ ដែលបានវាយប្រហារប្រទេសវៀតណាម ក្នុងរយៈពេល ០៦សប្តាហ៍ចុងក្រោយនេះ ដែលបង្កឲ្យមានទឹកជំនន់និងគ្រោះបាក់ដី និងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៩នាក់ និង ៧០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ។
របាយការណ៍បឋមពី អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មានចំនួនមនុស្ស ០៥នាក់បានរងរបួស ខណៈដែលពួកគេកំពុងព្យាយាមការពារផ្ទះសម្បែងរបស់ពួកគេ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Vamco នាំមកនូវខ្យល់បក់យ៉ាងសន្ធប់ លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ។ ព្យុះនេះ បានបង្កឲ្យមនុស្សយ៉ាងតិច ៦៧នាក់ស្លាប់ និង ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅប្រទេសហ្វីលីពីន ជាកន្លែងដែលវាបានបោកបក់មកលើកោះ លូហ្សូន (Luzon) កាលពីល្ងាចថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕