(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ករណីឆ្លងជំងឺរាតត្បាតសកល COVID-19 ចំនួន ១,៤៣៥ទៀត ត្រូវបានកត់ត្រានៅថ្ងៃអាទិត្យនេះ ដែលធ្វើឲ្យចំនួនសរុបនៅទូទាំងប្រទេសកើនដល់ ១១៨,៧០២ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលជប៉ុន ក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកជំងឺ ០៧នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ ធ្វើឲ្យអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ១,៩០៨នាក់។ ក្រសួងបន្ថែមទៀតថា អ្នកជាសះស្បើយបានកើនដល់ ១០១,៩៨៩នាក់ បន្ទាប់ពីអ្នកជំងឺ ២៤៣នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា តំបន់ដែលកើតមានករណីឆ្លង COVID-19 ច្រើនជាងគេនោះ គឺទីក្រុងតូក្យូផ្ទាល់តែម្តង ដែលមានសរុប ៣៤,៧៥១ករណី។ ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ទីក្រុងតូក្យូបានរាប់រ៉ងចំនួន ២៥៥ករណីតែឯង៕