(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បានអបអរសាទរចំពោះលទ្ធផល នៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែលណា (Moderna) ដោយលោកចាត់ទុកលទ្ធផលនេះថា ជាការផ្តល់អារម្មណ៍រំភើបដ៏អស្ចារ្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Fauci បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បាននិយាយ... ហើយខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំធ្លាប់បង្ហាញការពេញចិត្ត ចំពោះវ៉ាក់សាំងដែលអាចមានប្រសិទ្ធភាព ៧០% ឬ ៧៥%ប៉ុណ្ណោះ... តែពេលនេះយើងមានវ៉ាក់សាំង ដែលមានប្រសិទ្ធភាពដល់ទៅ ៩៤.៥% ដែលនេះគឺជាអារម្មណ៍រំភើបដ៏អស្ចារ្យ ហើយខ្ញុំគិតថាប្រហែលជាគ្មាននរណាគិតថា វានឹងទទួលបានលទ្ធផលល្អបែបនេះនោះទេ»

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក ម៉ូឌែណា (Moderna) ថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសពីលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួននៅដំណាក់ទី៣ ដោយអះអាងថា «វាមានប្រសិទ្ធភាពរហូតដល់ ៩៤.៥%»។ ដំណឹងល្អនេះ ត្រូវបានប្រកាសឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ (Pfizer) សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច (BioNTech) បានប្រកាសអំពីជោគជ័យ និងប្រសិទ្ធភាពជាង ៩០% នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួនកាលពីដើមសប្តាហ៍កន្លងទៅនេះ៕