(រ៉ង់ហ្គូន)៖ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី បានព្រមានពីការកើនឡើងនៃករណីឆ្លង COVID-19 កាន់តែច្រើននៅក្នុងប្រទេសអាស៊ានមួយនេះ តែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់ ចូលរួមក្នុងការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមលោកស្រី អោងសាន ស៊ូជី ទោះបីជាមានវិធានការសុវត្ថិភាព កំឡុងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅនេះក៏ដោយ ក៏មីយ៉ាន់ម៉ាប្រហែលជាមិនអាចគេចផុតពីការកើនឡើង នៃករណីឆ្លង COVID-19 បាននោះដែរ។ លោកស្រី ស៊ូជី បានគូសបញ្ជាក់ក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះថា «នៅពេលនេះយើងទាំងអស់គ្នាសុទ្ធតែបានដឹងថា មានការជួបជុំគ្នាកំឡុងការបោះឆ្នោត... ហើយនេះគឺជាការពិត។ ដោយសារតែមានការជួបជុំគ្នានោះហើយ ទើបករណីឆ្លងប្រហែលជានឹងកើនឡើង ដោយចៀសមិនរួច»។
ទីប្រឹក្សារដ្ឋរូបនេះបានបន្ថែមទៀតថា អាជ្ញាធរមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានរកឃើញករណីឆ្លង COVID-19 នៅតំបន់មួយចំនួនដូចជា អាយ៉េយ៉ាវ៉ាឌី (Ayeyawady) និងតំបន់ បាហ្គោ (Bago) ស្ថិតចំកណ្ដាលរដ្ឋធានីនៃប្រទេស រួមទាំងទីក្រុង ម៉ាន់ដាឡេ (Mandalay) ផងដែរ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអង្គារនេះ មីយ៉ាន់ម៉ាមានអ្នកឆ្លង COVID-19 សរុប ៧០,១៦១ករណី ក្នុងនោះស្លាប់ ១,៥៩៩នាក់ និងជាសះស្បើយឡើងវិញ ១៥,២៦៣នាក់៕