(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញសុខាភិបាលជាច្រើនបាននិយាយថា សហរដ្ឋអាមេរិកបាន «បរាជ័យ» ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ហើយនៅពេលនេះមធ្យោបាយតែមួយគត់ ដែលអាចគ្រប់គ្រងជំងឺដ៏កាចសាហាវនេះបាន មុននឹងមានវ៉ាក់សាំងជាផ្លូវការ នោះគឺការអនុវត្តវិធានការ «បិទប្រទេសទាំងស្រុង»។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន Vox នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិចិ្ឆកា មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមានអត្រាឆ្លង COVID-19 លើស ១០០,០០០នាក់សឹងតែរាល់ថ្ងៃ រហូតមកទល់នឹងថ្ងៃអង្គារសប្ដាហ៍នេះ ដែលមានអ្នកឆ្លង ១៥៧,២៦១នាក់ក្នុងមួយថ្ងៃ រីឯអ្នកស្លាប់ប្រចាំថ្ងៃវិញ ក៏ស្ថិតនៅក្នុងចំនួនមួយថេរគឺច្រើនជាង ១,០០០នាក់ក្នុងមួយថ្ងៃផងដែរ។ ការកើនឡើងនៃករណីឆ្លងយ៉ាងគំហុកបែបនេះ កំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការដួលរលំនៃប្រព័ន្ធសុខាភិបាលអាមេរិក ដោយសារចំនួនអ្នកឆ្លង ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
ប្រឈមមុខនឹងវិបត្តិសុខាភិបាលនេះ អ្នកជំនាញផ្នែកសុខាភិបាលជាច្រើនយល់ថា មធ្យោបាយតែមួយគត់ ដែលអាចគ្រប់គ្រងជំងឺដ៏កាចសាហាវនេះ មុននឹងមានវ៉ាក់សាំង នោះគឺសហរដ្ឋអាមេរិកចាំបាច់ «ត្រូវអនុវត្តវិធានការបិទប្រទេស» ដោយអនុញ្ញាតឱ្យមានដំណើរការតែវិស័យសំខាន់ៗ, រឹតត្បិតការជួបជុំគ្នា, រក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស, តម្រូវឱ្យប្រជាជននៅក្នុងផ្ទះ និងអាចចេញក្រៅបានតែក្នុងករណីទិញចំណីអាហារ, ហាត់ប្រាណ, ធ្វើការ, រកសេវាសុខភាព និងសេវាចាំបាច់នានាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថអាមេរិក Moderna នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសពីលទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួននៅដំណាក់ទី៣ ដោយអះអាងថា «វាមានប្រសិទ្ធភាពរហូតដល់ ៩៤.៥%»។ ដំណឹងល្អនេះត្រូវបានប្រកាសចេញ តែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ (Pfizer) សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច (BioNTech) បានប្រកាសអំពីជោគជ័យ និងប្រសិទ្ធភាពជាង ៩០% នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួនកាលពីដើមសប្តាហ៍កន្លងទៅនេះ។
តែទោះជាបែបនេះក្ដី ការព្រួយបារម្ភនៅតែមាន ខណៈបុណ្យណូអែល និងបុណ្យចូលឆ្នាំសកលកាន់តែខិតជិតមកដល់ ហើយរដ្ឋបាលលោក ដូណាល់ ត្រាំ មិនបានបង្ហាញពីផែនការបិទប្រទេសនោះទេ។ គំនិតបិទប្រទេសទាំងស្រុង ធ្លាប់ត្រូវបានលើកឡើង ដោយអ្នកជំនាញកំពូលខាងជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) ដែរ ប៉ុន្តែគំនិតនេះត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ បដិសេធ ដោយសារបារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ច។
ដោយឡែកទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ក៏បានបញ្ជាក់ដែរថា រដ្ឋបាលថ្មីក្រោមការដឹកនាំរបស់លោក បៃដិន ក៏មិនមានគម្រោងបិទប្រទេសទាំងស្រុងនោះដែរ ប៉ុន្តែវិធានការរឹតត្បិត នឹងមានខ្លាំងជាងបច្ចុប្បន្ន៕