(តូក្យូ)៖ សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍នៅថ្ងៃពុធនេះថា ទីក្រុងតូក្យូកំពុងត្រៀមបង្កើនកម្រិតប្រកាសអាសន្ន COVID-19 ឡើងដល់កម្រិតលេខ៤ ដែលជាកម្រិតខ្ពស់បំផុត ខណៈចំនួនករណីឆ្លងនៅរាជធានីនៃប្រទេសជប៉ុនបានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
សារព័ត៌មានជប៉ុន Nikkei ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះមួយចំនួន បានឱ្យដឹងថា ជាផ្នែកមួយនៃគម្រោងខាងលើ អាជ្ញាធរទីក្រុងតូក្យូ ក៏កំពុងពិចារណាស្នើសុំឱ្យអាជីវកម្មមួយចំនួនកាត់បន្ថយពេលវេលាប្រតិបត្តិការរបស់ពួកគេ ជាថ្មីម្តងទៀតផងដែរ។ បើតាម Nikkei សេចក្ដីប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ទីក្រុងតូក្យូបានបន្ទាបកម្រិតប្រកាសអាសន្ន COVID-19 នៅត្រឹមកម្រិតខ្ពស់បំផុតទី២ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីចំនួនករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះពីកម្រិតកំពូល ដែលមានករណីឆ្លងជាង៤០០ករណី កាលពីរដូវក្តៅ។ តែទោះជាយ៉ាងណា ចាប់តាំងពីដើមខែវិច្ឆិកានេះ ករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅប្រទេសជប៉ុន បានកើនឡើងវិញខ្ពស់បំផុតក្នុងរយៈពេល ៣ខែកន្លងទៅនេះ ដែលបានកត់ត្រានូវករណីឆ្លងថ្មី រហូតដល់៣៩៣ករណីកាលពីសប្តាហ៍មុន ហើយនៅថ្ងៃពុធនេះគឺករណីឆ្លងប្រចាំថ្ងៃកើនដល់៤៩៣ករណី។
គួរបញ្ជាក់ថា បើសារព័ត៌មានជប៉ុន Nikkei ទីក្រុងតូក្យូនឹងរក្សាកម្រិតប្រកាសអាសន្នរបស់ខ្លួន សម្រាប់ការត្រៀមលក្ខណៈខាងផ្នែកវេជ្ជសាស្ត្រនៅកម្រិតខ្ពស់បំផុតទី២ ដែលបង្ហាញពីតម្រូវការនៃការបង្កើនសមត្ថភាពទទួលថែទាំអ្នកជំងឺ ប៉ុន្តែមិនទាន់ដល់ស្ថានភាពតឹងរ៉ឺងខ្លាំងនៅឡើយទេ។ យោងតាមគេហទំព័ររបស់ទីក្រុងតូក្យូបានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺ COVID-19 ចំនួន ១,២៨១នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ដែលមានចំនួនគ្រែសរុបត្រឹមតែ២,៦៦០គ្រែ។
រហូតមកទល់ពេលនេះ ប្រទេសជប៉ុន មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសខ្ទង់ ១២១,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ១,៩២០នាក់ និងជាសះស្បើយជាង ១០៤,៦០០នាក់៕